ព័ត៌មានអន្តរជាតិ

រុស្ស៊ី បង្កភាពកាន់តែងាយស្រួលសម្រាប់ពលរដ្ឋអ៊ុយក្រែន ក្នុងការរស់នៅ និងធ្វើការក្នុងប្រទេសរុស្ស៊ី

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលអនុញ្ញាតឲ្យអ្នកកាន់លិខិតឆ្លងដែនអ៊ុយក្រែន ដែលបានចូលប្រទេសរុស្ស៊ី ចាប់តាំងពីការវាយលុករបស់វិមានក្រឹមឡាំង អាចរស់នៅ និងធ្វើការក្នុងប្រទេសដោយគ្មានកំណត់។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ជនជាតិអ៊ុយក្រែនអាចស្នាក់នៅក្នុងប្រទេសរុស្ស៊ីបានត្រឹមតែ ៩០ ថ្ងៃប៉ុណ្ណោះក្នុងរយៈពេល ១៨០ ថ្ងៃ។ ដើម្បីស្នាក់នៅបានយូរ ឬធ្វើការ មនុស្សម្នាក់ត្រូវតែទទួលបានលិខិតអនុញ្ញាតពិសេស ឬប័ណ្ណការងារ។

វិធានការថ្មីនេះអនុញ្ញាតឱ្យពលរដ្ឋអ៊ុយក្រែន និងប្រជាជនមកពីតំបន់បំបែកខ្លួនភាគខាងកើតអ៊ុយក្រែនដែលរុស្ស៊ីទទួលស្គាល់ថាជាឯករាជ្យ អាចធ្វើការនៅក្នុងប្រទេសរុស្ស៊ីដោយគ្មានលិខិតអនុញ្ញាតការងារ និងអាចរស់នៅក្នុងប្រទេស “ដោយគ្មានកំណត់ពេលវេលា” នេះបើយោងតាមក្រឹត្យបណ្តោះអាសន្នដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍។

ដើម្បីមានសិទ្ធិទទួលបានបេក្ខជននឹង ត្រូវផ្ដិតមេដៃថតរូប និងទទួលបាន ការធ្វើតេស្តរកថ្នាំ និងជំងឺឆ្លង។

នៅក្នុងក្រឹត្យមួយទៀត លោក ពូទីន បានបញ្ជាឱ្យមានការចំណាយប្រាក់សង្គមសម្រាប់ជនងាយរងគ្រោះ រួមទាំងប្រាក់សោធននិវត្តន៍ ជនពិការ ឬស្ត្រីមានផ្ទៃពោះ ដែលបានចាកចេញពីអ៊ុយក្រែន ឬទឹកដីផ្តាច់ខ្លួនដោយសារតែការវាយលុក៕

ប្រែសម្រួលៈ ណៃ តុលា

To Top