ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បន្តពិនិត្យការឆ្លើយតប របស់អាមេរិក ជុំវិញសំណើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

តេអេរ៉ង់៖ សារព័ត៌មាន Nour News របស់អ៊ីរ៉ង់បានចុះផ្សាយថា “ការពិនិត្យមើលយ៉ាងជាក់លាក់” ដែលកំពុងបន្តរបស់ទីក្រុងតេអេរ៉ង់ ចំពោះការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះទស្សនៈរបស់ខ្លួន លើសហភាពអឺរ៉ុប ដែលបានស្នើឡើង នូវសេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីការរស់ឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នឹងបន្តយ៉ាងហោចណាស់នៅចុងថ្ងៃសុក្រ។

សារព័ត៌មានដែលមានទំនាក់ទំនង ជាមួយក្រុមប្រឹក្សាសន្តិសុខជាតិកំពូល របស់ប្រទេសនេះ បានសរសេរនៅក្នុងការបង្ហោះនៅលើគណនី Twitter របស់ខ្លួនថា ការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ននៃ “ការឆ្លើយតបរបស់សហរដ្ឋអាមេរិក ចំពោះចំណុចស្នូល ដែលបានកែប្រែរបស់អ៊ីរ៉ង់” ទាក់ទងនឹងសំណើរបស់អឺរ៉ុប គឺនៅតែដំណើរការ “ក្នុងកម្រិតអ្នកជំនាញ” នៅទីក្រុងតេហេរ៉ង់។

កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានលើកឡើងថា ប្រទេសនេះបានទទួលតាមរយៈសហភាពអឺរ៉ុប ការឆ្លើយតបរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះទស្សនៈរបស់ទីក្រុងតេអេរ៉ង់ អំពីការដោះស្រាយបញ្ហាលេចធ្លោ នៅក្នុងកិច្ចពិភាក្សា ស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាផែនការ សកម្មភាពទូលំទូលាយ (JCPOA) ។

លោក Kanaani បានបន្ថែមថា ការឆ្លើយតបរបស់សហរដ្ឋអាមេរិក ត្រូវបានដាក់ជូនប្រទេសអ៊ីរ៉ង់ ដោយប្រធានគោលនយោបាយការបរទេស និងជាអ្នកសម្របសម្រួល របស់សហភាពអឺរ៉ុប លោក Josep Borrell ដោយកត់សម្គាល់ថា ទីក្រុងតេអេរ៉ង់បានចាប់ផ្តើមវាយតម្លៃ ទស្សនៈរបស់ភាគីអាមេរិក យ៉ាងប្រុងប្រយ័ត្ន ហើយនឹងជូនដំណឹងដល់អ្នកសម្របសម្រួល អំពីទស្សនៈរបស់ខ្លួនបន្ទាប់ពីការ បញ្ចប់ការត្រួតពិនិត្យរបស់ខ្លួន។

ប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើ JCPOA ជាមួយមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមទប់ស្កាត់ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្ម លើប្រទេសនេះ។ ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀង និងបានដាក់ទណ្ឌកម្មឯកតោភាគីឡើងវិញ លើទីក្រុងតេអេរ៉ង់ ដោយជំរុញឱ្យភាគីចុងក្រោយ ទម្លាក់ការប្តេជ្ញាចិត្តមួយចំនួន នៅក្រោមកតិកាសញ្ញានេះ។

កិច្ចពិភាក្សាស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរបានចាប់ផ្តើម នៅក្នុងខែមេសា ឆ្នាំ២០២១ នៅទីក្រុងវីយែន ប៉ុន្តែត្រូវបានផ្អាកនៅក្នុងខែមីនាឆ្នាំនេះ ដោយសារតែភាពខុសគ្នាខាងនយោបាយ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន។

ជុំចុងក្រោយ នៃកិច្ចចរចានុយក្លេអ៊ែរត្រូវបានធ្វើឡើង នៅក្នុងរដ្ឋធានីវីយែនរបស់ប្រទេសអូទ្រីស កាលពីដើមខែសីហា បន្ទាប់ពីបានផ្អាកអស់រយៈពេលប្រាំខែ។ នៅថ្ងៃទី០៨ ខែសីហា អឺរ៉ុប បានដាក់ចេញនូវ “អត្ថបទចុងក្រោយ” នៃសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការរស់ឡើងវិញនូវ JCPOA៕​ ប្រែសម្រួល ឈូក បូរ៉ា

To Top