បរទេស៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះដោយទឹកជំនន់ដ៏ខ្លាំងក្លានៅក្នុងប្រទេសប៉ាគីស្ថាន ដែលបានសម្លាប់មនុស្សជាង ១ ០០០នាក់ និងបំផ្លិចបំផ្លាញជាច្រើនក្នុងប្រទេសនេះ ចំពេលមានរបាយការណ៍ថា រដ្ឋាភិបាលទីក្រុងញូវដែលី អាចនឹងផ្តល់ជំនួយដល់អ្នកជិតខាងរបស់ខ្លួនមួយនេះនាពេលឆាប់ៗ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Modi បាននិយាយទៅកាន់ Twitter កាលពីថ្ងៃច័ន្ទ ដើម្បីអត្ថាធិប្បាយអំពីគ្រោះមហន្តរាយធម្មជាតិដោយនិយាយថា លោក “មានការសោកស្ដាយដែលបានឃើញការបំផ្លិចបំផ្លាញដែលបណ្តាលមកពីទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាន” ។
នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ បានបន្ថែមថា “យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ក្រុមគ្រួសារជនរងគ្រោះ អ្នករងរបួស និងអ្នករងគ្រោះទាំងអស់ដែលរងគ្រោះដោយគ្រោះធម្មជាតិនេះ ហើយសង្ឃឹមសម្រាប់ការស្តារឡើងវិញនូវភាពប្រក្រតីឡើងវិញឆាប់ៗ”។
យោងតាមប្រភពដែលដកស្រង់ដោយ Indian Express រដ្ឋាភិបាលរបស់លោក Modi ឥឡូវនេះកំពុងគិតថាតើត្រូវផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសប៉ាគីស្ថាន ដើម្បីជួយដោះស្រាយបន្ទាប់ពីទឹកជំនន់ដែលបានសម្លាប់មនុស្សជាង ១ ១០០ នាក់ យោងតាមចំនួនចុងក្រោយបង្អស់។
ប្រសិនបើការអនុញ្ញាតត្រូវបានអនុម័ត វានឹងក្លាយជាជំនួយមនុស្សធម៌ជុំទីមួយដល់ប៉ាគីស្ថាន ចាប់តាំងពីលោក Modi ចូលកាន់តំណែងក្នុងឆ្នាំ ២០១៤ ទោះបីជារដ្ឋាភិបាលមុនៗបានផ្តល់ជំនួយក្នុងអំឡុងពេលគ្រោះមហន្តរាយធម្មជាតិកន្លងមក ដូចជាទឹកជំនន់ក្នុងឆ្នាំ ២០១០ និងការរញ្ជួយដីឆ្នាំ ២០០៥ ក៏ដោយ៕ប្រែសម្រួលៈ ណៃ តុលា