តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានចូលរួមរំលែកទុក្ខ ចំពោះការស្លាប់របស់ អតីតមេដឹកនាំសូវៀតលោក Mikhail Gorbachev ដោយពណ៌នាលោកថា ជាមនុស្សដែលមាន “ចក្ខុវិស័យយុទ្ធសាស្ត្រ” និង “ជំនាញប្រតិបត្តិដ៏ក្លាហាន” ។
លោក Kishida បានកោតសរសើរលោក Gorbachev ដែលជាម្ចាស់ពានរង្វាន់ណូបែល សន្តិភាពឆ្នាំ១៩៩០ សម្រាប់តួនាទីរបស់លោកក្នុងការ នាំយកកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រជាមួយសហរដ្ឋអាមេរិក ស្តីពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ។ លោកនាយករដ្ឋមន្រ្តី ក៏បានសរសើរលោលផងដែរ ដែលបានដើរតួ ក្នុងការយកឈ្នះលើផ្នែកក្រោយសង្គ្រាមលោកលើកទី២ នៅអឺរ៉ុប និងបញ្ចប់សង្រ្គាមត្រជាក់។
តួនាទីរបស់លោក Gorbachev ដែលបានទទួលមរណភាពក្នុងអាយុ ៩១ ឆ្នាំត្រូវបានគេរាយការណ៍កាលពីថ្ងៃអង្គារ គឺមានសារៈសំខាន់ខ្លាំងណាស់ លោក Kishida បានប្រាប់សន្និសីទសារព័ត៌មានដោយបន្ថែមថា “ខ្ញុំចងចាំពីសមិទ្ធិផលរបស់លោក និងចូលរួមរំលែកទុក្ខរបស់ខ្ញុំ” ។
អតីតប្រធានាធិបតីនៃ សហភាពសូវៀតបាន បន្តកំណែទម្រង់ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចក្រោមគំនិតនៃ “perestroika” ដែលមានន័យថា ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ហើយបានប្រកាសបញ្ចប់សង្គ្រាមត្រជាក់ នៅឆ្នាំ១៩៨៩ ។ ចលនារបស់លោក ក៏មានសារៈសំខាន់ផងដែរក្នុងការទម្លាក់វាំងននដែក និមិត្តសញ្ញារូបវន្តនៃការបែងចែកអឺរ៉ុប។
តំណាងរបស់ទីក្រុងហ៊ីរ៉ូស៊ីម៉ា លោក Kishida បានឲ្យដឹងអំពីមហិច្ឆតារបស់លោក ក្នុងការបង្កើតពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ ហើយគាត់បានកោតសរសើរ លោក Gorbachev ថាជាមេដឹកនាំដែល បានអំពាវនាវឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ ទីក្រុងហ៊ីរ៉ូស៊ីម៉ា បានក្លាយជាទីក្រុងដំបូង ដែលត្រូវបានបំផ្លាញដោយអាវុធនុយក្លេអ៊ែរ។
ឥស្សរជននយោបាយផ្សេងទៀត នៅទូទាំងប្រទេសជប៉ុន ក៏បានចូលរួមរំលែកទុក្ខ និងកាន់ទុក្ខ ចំពោះមរណភាពរបស់លោកផងដែរ ដោយអគ្គលេខាធិការ គណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច លោក Toshimitsu Motegi បានសរសើរការរួមចំណែក ជាច្រើនរបស់លោក Gorbachev ចំពោះ “សន្តិភាព និងស្ថិរភាពអន្តរជាតិ”៕
ប្រែសម្រួល ឈូក បូរ៉ា