ព័ត៌មានអន្តរជាតិ

ប្រទេសចិន សម្ដែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខ ចំពោះការស្លាប់របស់លោក Gorbachev

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសចិន បានសម្តែងការសោកស្តាយ ចំពោះការស្លាប់របស់អតីតមេដឹកនាំ សហភាពសូវៀតលោក Mikhail Gorbachev នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃថា “លោក Gorbachev បានរួមចំណែកជាវិជ្ជមាន ដល់ការធ្វើឱ្យមានប្រក្រតីភាព នៃទំនាក់ទំនងចិន-សូវៀត”។

ជាមួយគ្នានេះដែរនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក៏បានចូលរួមរំលែកទុក្ខ ចំពោះការស្លាប់ របស់អតីតមេដឹកនាំសូវៀតលោក Mikhail Gorbachev ដោយពណ៌នាលោកថា ជាមនុស្សដែលមាន “ចក្ខុវិស័យយុទ្ធសាស្ត្រ” និង “ជំនាញប្រតិបត្តិដ៏ក្លាហាន” ។

លោក Kishida បានកោតសរសើរលោក Gorbachev ដែលជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ១៩៩០ សម្រាប់តួនាទីរបស់លោក ក្នុងការនាំយកកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ជាមួយសហរដ្ឋអាមេរិក ស្តីពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរ។ លោកនាយករដ្ឋមន្រ្តី ក៏បានសរសើរលោលផងដែរ ដែលបានដើរតួក្នុងការយកឈ្នះ លើផ្នែកក្រោយសង្គ្រាមលោកលើកទី២ នៅអឺរ៉ុប និងបញ្ចប់សង្រ្គាមត្រជាក់។

តួនាទីរបស់លោក Gorbachev ដែលបានទទួលមរណភាព ក្នុងអាយុ ៩១ ឆ្នាំត្រូវបានគេរាយការណ៍​កាលពីថ្ងៃអង្គារ គឺមានសារៈសំខាន់ខ្លាំងណាស់ លោក Kishida បានប្រាប់សន្និសីទសារព័ត៌មាន ដោយបន្ថែមថា “ខ្ញុំចងចាំពីសមិទ្ធិផលរបស់លោក និងចូលរួមរំលែកទុក្ខរបស់ខ្ញុំ” ។

អតីតប្រធានាធិបតី​ នៃសហភាពសូវៀត បានបន្តកំណែទម្រង់ប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ចក្រោមគំនិតនៃ “perestroika” ដែលមានន័យថាការរៀបចំ រចនាសម្ព័ន្ធឡើងវិញ ហើយបានប្រកាសបញ្ចប់សង្គ្រាមត្រជាក់ នៅឆ្នាំ១៩៨៩ ។ ចលនារបស់លោក ក៏មានសារៈសំខាន់ផងដែរ ក្នុងការទម្លាក់វាំងននដែក និមិត្តសញ្ញារូបវន្ត នៃការបែងចែកអឺរ៉ុប។

តំណាងរបស់ទីក្រុងហ៊ីរ៉ូស៊ីម៉ា លោក Kishida បានឲ្យដឹងអំពីមហិច្ឆតារបស់លោក ក្នុងការបង្កើតពិភពលោក ដែលគ្មានអាវុធនុយក្លេអ៊ែរ ហើយគាត់បានកោតសរសើរ លោក Gorbachev ថាជាមេដឹកនាំដែលបានអំពាវនាវ ឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ ទីក្រុងហ៊ីរ៉ូស៊ីម៉ា បានក្លាយជាទីក្រុងដំបូង ដែលត្រូវបានបំផ្លាញ ដោយអាវុធនុយក្លេអ៊ែរ។

ឥស្សរជននយោបាយផ្សេងទៀត នៅទូទាំងប្រទេសជប៉ុន ក៏បានចូលរួមរំលែកទុក្ខ និងកាន់ទុក្ខ ចំពោះមរណភាពរបស់លោកផងដែរ ដោយអគ្គលេខាធិការ គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច លោក Toshimitsu Motegi បានសរសើរការរួមចំណែកជាច្រើន របស់លោក Gorbachev ចំពោះ “សន្តិភាព និងស្ថិរភាពអន្តរជាតិ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top