ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ គំរាមក្រុងប៉េកាំងថា នឹងមានការវាយ ប្រហារបកវិញ ក្នុងព្រឹត្តិការណ៍លុក លុយដោយយោធាចិន

បរទេស ៖ កោះតៃវ៉ាន់ បានប្ដេជ្ញាថា នឹងបើកការវាយប្រហារដោយកម្លាំង និង “បំផ្លាញកងកម្លាំងសត្រូវ” នៅក្នុងព្រឹត្តិការណ៍ នៃការលុកលុយ ដោយយោធាចិន ខណៈដែលភាពតានតឹង នៅតែបន្តកើនឡើង រវាងទីក្រុងប៉េកាំង និងតៃប៉ិ បន្ទាប់ពីដំណើរទស្សនកិច្ច កម្រិតខ្ពស់របស់មន្ត្រី អាមេរិកទៅកាន់កោះនេះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានកាលពីថ្ងៃពុធ មន្ត្រីយោធាកោះតៃវ៉ាន់ បានលើកឡើងដោយអះអាងពី “ការគំរាមកំហែងពីសាធារណៈរដ្ឋប្រជាមានិតចិន” និង បានពិភាក្សាអំពី “សមយុទ្ធទ្រង់ទ្រាយធំ” ជាបន្តបន្ទាប់ដែលធ្វើឡើង ដោយយោធាចិន កាលពីដើមខែសីហា បន្ទាប់ពីដំណើរ ទស្សនកិច្ចរបស់ប្រធានសភា អាមេរិក Nancy Pelosi និងមន្ត្រីផ្សេងទៀត ។

អ្នកនាំពាក្យក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ ឧត្តមសេនីយ៍ទោ Sun Li-fang បាននិយាយថា “សមយុទ្ធបាញ់គ្រាប់ ពិតមួយចំនួនបានត្រួតលើដែន សមុទ្រនៃប្រទេសរបស់យើង… និងដែលធ្វើឱ្យគ្រោះថ្នាក់ដល់ផ្លូវទឹកអន្តរជាតិ” ដោយអះអាងថា សមយុទ្ធនេះបានគំរាម កំហែងដល់ “សណ្តាប់ធ្នាប់អន្តរជាតិ” ។

ឧត្តមសេនីយ Lin Wen-huang ប្រធានប្រតិបត្តិការ និងផែនការយោធារបស់កោះតៃវ៉ាន់ បាននិយាយថា កោះរក្សាសិទ្ធិក្នុងការឆ្លើយតបជាធរមាន ប្រសិនបើកងទ័ពរំដោះប្រជាជនចិន រំលោភដែនអាកាស ឬដែនទឹករបស់ខ្លួន៕

ប្រែសម្រួលៈ ណៃ តុលា

To Top