ព័ត៌មានអន្តរជាតិ

ប្រធាន IAEA ចាកចេញពីរោងចក្រ នុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែន ហើយនឹងបន្ដធ្វើការ នៅរោងចក្រនេះ

គៀវ៖ នាយកប្រតិបត្តិ ទីភ្នាក់ងារថាមពល បរមាណូ អន្តរជាតិ (IAEA) លោក Rafael Grossi និងសមាជិកមួយចំនួន នៃគណៈប្រតិភូរបស់លោក បានចាកចេញពីរោងចក្រ ថាមពល នុយក្លេអ៊ែរ Zaporizhzhia (NPP) នៅភាគខាងត្បូង ប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ នេះបើតាមប្រតិបត្តិករថាមពលនុយក្លេអ៊ែរ គ្រប់គ្រងដោយរដ្ឋ របស់ប្រទេសនេះ Energoatom។

Energoatom បានឲ្យដឹងនៅលើ បណ្ដាញ Telegram ថា “បច្ចុប្បន្នមានតំណាង ៥នាក់នៃបេសកកម្ម IAEA នៅរោងចក្រ Zaporizhzhia NPP ដែលកំពុងផ្ទុកឧបករណ៍ ដែលពួកគេនាំយកមក ហើយពួកគេនឹងបន្ត ធ្វើការនៅរោងចក្រនេះ” ។

Energoatom បានឲ្យដឹងទៀតថា អ្នកត្រួតពិនិត្យ IAEA ត្រូវបានកំណត់ឱ្យស្នាក់នៅ ក្នុងរោងចក្រ រហូតដល់ថ្ងៃទី០៣ ខែកញ្ញា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រោយមកទៀតប្រធាន IAEA លោក Grossi បានសរសេរថា ក្រុមរបស់លោកបានបញ្ចប់ “ដំណើរទេសចរណ៍ដំបូងនៃតំបន់សំខាន់ៗ” ដែលពួកគេចង់ឃើញនៅក្នុងរោងចក្រខាងលើនេះ។លោក Grossi បានបន្ថែមថា បេសកកម្មរបស់ IAEA កំពុង “បង្កើតវត្តមានបន្ត” នៅឯរោងចក្រនុយក្លេអ៊ែរ ក្រោយពីបានទៅដល់ Zaporizhzhia NPP នៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia NPP ដែលជារោងចក្រ ថាមពលនុយក្លេអ៊ែរ ដ៏ធំបំផុតមួយរបស់អឺរ៉ុប ត្រូវបានគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ី តាំងពីដើមខែមីនា ប៉ុន្តែបុគ្គលិកអ៊ុយក្រែន របស់ខ្លួន បានបន្តដំណើរការវា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top