វីយែន៖ អគ្គនាយកទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បានឲ្យដឹងថា អ្នកជំនាញពីរនាក់របស់ទីភ្នាក់ងារនេះ នឹងស្នាក់នៅជាអចិន្ត្រៃយ៍ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន។
លោក Grossi បានប្រាប់អ្នកយកព័ត៌មាន នៅពេលមកដល់ទីក្រុងវីយែន បន្ទាប់ពីដំណើរទស្សនកិច្ច ទៅកាន់កន្លែងនោះថា បេសកកម្ម IAEA សមាជិកចំនួន ៦នាក់ក្នុងចំណោម ១៤ នាក់នៅតែបន្ដស្នាក់នៅរោងចក្រ Zaporizhzhia បន្ទាប់ពីក្រុមបានបញ្ចប់ដំណើរទស្សនកិច្ច នៅទីនោះកាលពីថ្ងៃព្រហស្បតិ៍។
អ្នកជំនាញ ៤នាក់ក្នុងចំណោម ៦នាក់ នឹងចាកចេញពីរោងចក្រនៅសប្តាហ៍ក្រោយ ខណៈដែលពីរនាក់ទៀត នឹងស្នាក់នៅទីនោះ ខណៈដែលភ្នាក់ងារបន្តវត្តមាន ក្នុងរយៈពេលវែងជាងនេះ។
កាលពីដើមសប្តាហ៍នេះ លោក Grossi បានដឹកនាំបេសកកម្ម IAEA ទៅកាន់រោងចក្រ Zaporizhzhia ដែលបានរងការវាយប្រហារ កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ និងបានលើកឡើងពីការព្រួយបារម្ភ ជាអន្តរជាតិអំពីសុវត្ថិភាពរបស់វា។
ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រថា “យើងបានឃើញនូវអ្វីដែលខ្ញុំស្នើសុំឱ្យឃើញ អ្វីគ្រប់យ៉ាងដែលខ្ញុំស្នើសុំឱ្យឃើញ” ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ។
លោកបានបន្ថែមថា “យើងបានឃើញសកម្មភាព យោធានៅជុំវិញរោងចក្រ ហើយខ្ញុំអាចមើលឃើញ ខ្លួនខ្ញុំ និងក្រុមរបស់ខ្ញុំ ផលប៉ះពាល់ រន្ធ សញ្ញាសម្គាល់លើអគារនៃការបាញ់ផ្លោង” លោកបានអះអាងថា ដោយបង្ហាញពីការព្រួយបារម្ភ ចំពោះបូរណភាពរាងកាយ ការផ្គត់ផ្គង់ថាមពល និងលក្ខខណ្ឌបុគ្គលិក នៅក្នុងរោងចក្រខាងលើនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា