ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន៖ អាមេរិកគួរតែដើរតួសំខាន់ ក្នុងការបញ្ឈប់វិធានការឯកតោភាគី របស់អ៊ីស្រាអែល

រ៉ាម៉ាឡា៖ មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនបានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែប្រកាន់យកតួនាទី “សំខាន់” របស់ខ្លួនក្នុងការបញ្ឈប់វិធានការ ឯកតោភាគីរបស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន ជាពិសេសនៅតំបន់ West Bank និងយេរ៉ូសាឡឹមខាងកើត។

លោក Hussein al-Sheikh អគ្គលេខាធិការនៃគណៈកម្មាធិការ ប្រតិបត្តិនៃអង្គការរំដោះប៉ាឡេស្ទីន បានធ្វើការកត់សម្គាល់ក្នុង អំឡុងពេលជួបជាមួយលោក Barbara A. Leaf ដែលជាជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលកំពុងបំពេញទស្សនកិច្ច នៅភាគខាងកើតនៃទីក្រុងរ៉ាម៉ាឡា។

លោក al-Sheikh បានឲ្យដឹងថា “ការបញ្ឈប់វិធានការរបស់អ៊ីស្រាអែល ដែលតំណាងឱ្យនៅក្នុង (ការកសាង) ការតាំងទីលំនៅ ការលុកលុយ និងការសម្លាប់ប្រចាំថ្ងៃ និងការរក្សានូវស្ថានភាព ប្រវត្តិសាស្ត្រនៅក្នុងទីក្រុងយេរ៉ូសាឡឹម នឹងបង្កើតជាលំហនយោបាយ ដែលនាំទៅដល់ការបញ្ចប់ ការកាន់កាប់របស់អ៊ីស្រាអែល” ។

បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ទៅកាន់ទុយនីស៊ីដែលបានបញ្ចប់ នៅថ្ងៃទី៣១ ខែសីហា លោកស្រី Leaf កំពុងបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល និងតំបន់ West Bank ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ របស់សហរដ្ឋអាមេរិក ជាមួយអ៊ីស្រាអែល និងអាជ្ញាធរប៉ាឡេស្ទីន ក្នុងអំឡុងពេលដំណើរទស្សនកិច្ច រយៈពេលបីថ្ងៃផ្សេងទៀត នៅក្នុងតំបន់ដែលនឹងបញ្ចប់នៅខែកញ្ញា នេះបើតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាល អាមេរិក។

កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន Riyad al-Maliki បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចូលជាសមាជិករបស់ប៉ាឡេស្ទីន ទៅកាន់អង្គការសហប្រជាជាតិ ជារដ្ឋពេញលេញនឹងមានកម្រិតខ្ពស់ នៅក្នុងរបៀបវារៈក្នុងអំឡុងពេល ដំណើរទស្សនកិច្ចរបស់លោកស្តី Leaf ។

លោក al-Maliki បានកត់សម្គាល់នៅក្នុង សេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកបដិសេធ មិនអនុញ្ញាតឱ្យប៉ាឡេស្ទីនក្លាយជា រដ្ឋសមាជិកពេញលេញ នៅក្នុងអង្គការសហប្រជាជាតិ ។

ក្នុងឆ្នាំ២០១២ មហាសន្និបាតអង្គការសហប្រជាជាតិ បានផ្តល់សិទ្ធិឱ្យប៉ាឡេស្ទីន ជារដ្ឋអ្នកសង្កេតការណ៍ ដែលមិនមែនជាសមាជិក ដោយអនុញ្ញាតឱ្យអាជ្ញាធរប៉ាឡេស្ទីន ចូលរួមក្នុងដំណើរការបោះឆ្នោត មួយចំនួននៅក្នុងមហាសន្និបាត និងចូលរួមជាមួយភ្នាក់ងារ អង្គការសហប្រជាជាតិមួយចំនួន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top