ព័ត៌មានអន្តរជាតិ

ការចរចានុយក្លេអ៊ែរ អាចត្រូវបានបញ្ចប់ យ៉ាងឆាប់រហ័ស ប្រសិនបើអាមេរិក ធ្វើការសម្រេចចិត្តត្រឹមត្រូវ

តេអេរ៉ង់ ៖ លោក Mohammad Marandi ទីប្រឹក្សាក្រុមចរចានុយក្លេអ៊ែរ អ៊ីរ៉ង់បានឲ្យដឹងថា អ៊ីរ៉ង់បានផ្តល់ចម្លើយដល់ការឆ្លើយតប របស់សហរដ្ឋអាមេរិក ជុំវិញកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដែលអាចកើតមាន ហើយប្រសិនបើសហរដ្ឋអាមេរិកធ្វើ “ការសម្រេចចិត្តត្រឹមត្រូវ” ការចរចាអាចត្រូវបាន បញ្ចប់យ៉ាងឆាប់រហ័ស ។

លោក Marandi បានសរសេរនៅលើបណ្ដាញ Twitter ប៉ុន្មានម៉ោងបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានឲ្យដឹងថា “អ៊ីរ៉ង់បានឆ្លើយតបតាមការសន្យា ។ វាដល់ពេលហើយសម្រាប់ក្រុម (ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ដើម្បីធ្វើការសម្រេចចិត្ដលើ សេចក្តីព្រាងនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដ៏មានសក្តានុពលរបស់សហភាពអឺរ៉ុប។

លោក Kanaani បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អត្ថបទដែលបានដាក់ស្នើមានវិធីសាស្រ្តស្ថាបនាក្នុងគោលបំណងបញ្ចប់ការចរចា” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា ពួកគេបានទទួលការឆ្លើយតបរបស់អ៊ីរ៉ង់ តាមរយៈសហភាពអឺរ៉ុប។ “យើងកំពុងសិក្សាវា ហើយនឹងឆ្លើយតបតាម រយៈសហភាពអឺរ៉ុប ប៉ុន្តែជាអកុសល វាមិនមានលក្ខណៈស្ថាបនានោះទេ”

ជាមួយគ្នានេះដែរលោក Marandi បានលើកឡើងថា “សម្រាប់សហរដ្ឋអាមេរិក “ស្ថាបនា” ជាធម្មតាមានន័យថា ទទួលយកលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក ប៉ុន្ដែសម្រាប់ប្រទេសអ៊ីរ៉ង់ វាមានន័យថា កិច្ចព្រមព្រៀងដែលមានតុល្យភាព និងការពារ។

ទន្ទឹមនឹងនោះ ទីប្រឹក្សា អ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនធ្វើ “ការសម្រេចចិត្តត្រឹមត្រូវ” នោះ កិច្ចព្រមព្រៀងមួយអាច នឹងត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស។

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កំពុងផ្លាស់ប្តូរទស្សនៈដោយប្រយោល អំពីសំណើរបស់សហភាពអឺរ៉ុបនាពេលថ្មីៗនេះ ដែលមានបំណងដោះស្រាយ បញ្ហាលេចធ្លោ ស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA)៕

ប្រែសម្រួល ឈូក បូរ៉ា

To Top