តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសអ៊ីរ៉ង់ បានផ្តល់ចម្លើយចំពោះការឆ្លើយតប របស់សហរដ្ឋអាមេរិក ចំពោះទស្សនៈរបស់ខ្លួន លើសេចក្តីព្រាងកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏មាន សក្តានុពលរបស់សហភាពអឺរ៉ុប ប៉ុន្ដែទីក្រុងវ៉ាស៊ីនតោន នៅតែអះអាងថា គ្មានលក្ខណៈស្ថាបនា។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា បន្ទាប់ពីទទួលបានការឆ្លើយតបរបស់សហរដ្ឋអាមេរិក ក្រុមអ្នកជំនាញរបស់អ៊ីរ៉ង់ បានពិនិត្យយ៉ាងយកចិត្តទុកដាក់ ហើយការឆ្លើយតបរបស់វា ត្រូវបានដាក់ជូនអ្នកសម្របសម្រួលសហភាពអឺរ៉ុប កាលពីយប់ថ្ងៃព្រហស្បតិ៍។
លោក Kanaani ត្រូវបានដកស្រង់សម្តីថា “អត្ថបទដែលបានដាក់ស្នើមានវិធីសាស្ត្រស្ថាបនា ក្នុងគោលបំណងបញ្ចប់ការចរចា” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរទស្សនៈដោយប្រយោលលើសំណើ របស់សហភាពអឺរ៉ុបនាពេលថ្មីៗនេះ សំដៅដោះស្រាយបញ្ហាលេចធ្លោ ស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការ សកម្មភាពទូលំទូលាយរួម (JCPOA)។
ជាមួយគ្នានេះដែរលោក Mohammad Marandi ទីប្រឹក្សាក្រុមចរចានុយក្លេអ៊ែរអ៊ីរ៉ង់បានឲ្យដឹងថា អ៊ីរ៉ង់បានផ្តល់ចម្លើយដល់ការឆ្លើយតបរបស់សហរដ្ឋអាមេរិក ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអាចកើតមាន ហើយប្រសិនបើសហរដ្ឋអាមេរិកធ្វើ “ការសម្រេចចិត្តត្រឹមត្រូវ” ការចរចាអាចត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស។
លោក Marandi បានសរសេរនៅលើបណ្ដាញ Twitter ប៉ុន្មានម៉ោងបន្ទាប់ពី អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា “អ៊ីរ៉ង់បានឆ្លើយតបតាមការសន្យា។ វាដល់ពេលហើយសម្រាប់ក្រុម (ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ដើម្បីធ្វើការសម្រេចចិត្ដលើសេចក្តីព្រាងនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដ៏មានសក្តានុពលរបស់សហភាពអឺរ៉ុប។
លោក Kanaani បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អត្ថបទដែលបានដាក់ស្នើ មានវិធីសាស្រ្តស្ថាបនា ក្នុងគោលបំណងបញ្ចប់ការចរចា”។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា ពួកគេបានទទួលការឆ្លើយតបរបស់អ៊ីរ៉ង់ តាមរយៈសហភាពអឺរ៉ុប។ “យើងកំពុងសិក្សាវា ហើយនឹងឆ្លើយតបតាមរយៈសហភាពអឺរ៉ុប ប៉ុន្តែជាអកុសល វាមិនមាន លក្ខណៈស្ថាបនានោះទេ”
ជាមួយគ្នានេះដែរលោក Marandi បានលើកឡើងថា “សម្រាប់សហរដ្ឋអាមេរិក “ស្ថាបនា” ជាធម្មតាមានន័យថា ទទួលយកលក្ខខណ្ឌ របស់សហរដ្ឋអាមេរិក ប៉ុន្ដែសម្រាប់ប្រទេសអ៊ីរ៉ង់ វាមានន័យថា កិច្ចព្រមព្រៀងដែលមានតុល្យភាព និងការពារ។
ទន្ទឹមនឹងនោះ ទីប្រឹក្សាអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនធ្វើ “ការសម្រេចចិត្តត្រឹមត្រូវ” នោះ កិច្ចព្រមព្រៀងមួយអាចនឹង ត្រូវបានបញ្ចប់យ៉ាងឆាប់រហ័ស។
អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កំពុងផ្លាស់ប្តូរទស្សនៈដោយប្រយោលអំពីសំណើ របស់សហភាពអឺរ៉ុប នាពេលថ្មីៗនេះ ដែលមានបំណងដោះស្រាយបញ្ហាលេចធ្លោ ស្តីពីការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA)៕
ប្រែសម្រួល ឈូក បូរ៉ា