បរទេស៖ រដ្ឋបាលរបស់លោក Biden បានផ្ញើការជូនដំណឹងជាផ្លូវការ ទៅកាន់សភាអាមេរិក កាលពីថ្ងៃសុក្រអំពីចេតនា លក់ប្រព័ន្ធរ៉ាដា មីស៊ីលប្រឆាំងនាវា និងមីស៊ីលប្រឆាំងយន្តហោះ ទៅឱ្យកោះតៃវ៉ាន់ហើយ។ តម្លៃសរុបនៃកិច្ចសន្យា ថែទាំបរិក្ខារ និងថែទាំបន្ថែមដល់ជាង ១,១ ពាន់លានដុល្លារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នេះជាកញ្ចប់សព្វាវុធទី ៥ និងធំបំផុតរហូតមកដល់ពេលនេះសម្រាប់កោះតៃវ៉ាន់ ដែលបានអនុម័តដោយរដ្ឋាភិបាលអាមេរិកបច្ចុប្បន្ន។ សមាសធាតុដែលមានតម្លៃថ្លៃបំផុតរបស់វាគឺប្រព័ន្ធរ៉ាដាឃ្លាំមើល SRP ដែលមានតម្លៃ ៦៦៥,៤ លានដុល្លារ បន្ទាប់មកគឺមីស៊ីលប្រឆាំងនាវា Harpoon ចំនួន ៦០គ្រាប់ មានតម្លៃ ៣៥៥ លានដុល្លារ និង មីស៊ីលប្រឆាំងយន្តហោះ Sidewinder ចំនួន ១០០ដើម មានតម្លៃ ៨៥,៦ លានដុល្លារ។ កិច្ចសន្យាក៏រួមបញ្ចូលផងដែរនូវឧបករណ៍ពាក់ព័ន្ធ គ្រឿងបន្លាស់ និងការថែទាំ។
កិច្ចសន្យាទាំងបីត្រូវបានបើកភ្លើងខៀវដោយទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិទៅកាន់សភា កាលពីថ្ងៃសុក្រ ដែលជាផ្នែកមួយនៃដំណើរការជូនដំណឹងជាផ្លូវការ។
កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីសារព័ត៌មានមួយចំនួនរបស់សហរដ្ឋអាមេរិកបានចេញផ្សាយព័ត៌មានលម្អិតនៃការលក់ដែលលេចធ្លាយនោះ ប្រទេសចិនបានព្រមានសហរដ្ឋអាមេរិកប្រឆាំងនឹងទង្វើបែបនេះ។ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Liu Pengyu បាននិយាយថា ទីក្រុងប៉េកាំងនឹងឆ្លើយតបជាមួយនឹង “វិធានការដ៏ម៉ឺងម៉ាត់” ប្រសិនបើសហរដ្ឋអាមេរិកបន្តលក់អាវុធឱ្យទីក្រុងតៃប៉ិ៕
ប្រែសម្រួលៈ ណៃ តុលា