ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីស្រីលង្កា ដែលគេបណ្តេញពីតំណែង ហើយវិលមកមាតុប្រទេសវិញ ប្រឈមមុខនឹងការអំពាវនាវ សុំឲ្យធ្វើការចាប់ខ្លួនបន្ទាន់

កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ថា លោក Gotabaya Rajapaksa ប្រធានាធិបតីស្រីលង្កា ដែលត្រូវបានបណ្តេញចេញពីតំណែង បានប្រឈមមុខនឹងការអំពាវនាវ ឱ្យចាប់ខ្លួនលោកកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានវិលត្រឡប់ មកមាតុប្រទេសវិញ ពីការនិរទេសខ្លួនឯង ក្រោមការការពារពីរដ្ឋាភិបាល ស្នងតំណែងរបស់គាត់ ។

លោក Rajapaksa បានភៀសខ្លួនចេញពីប្រទេសដែនកោះមួយនេះ ក្រោមការអមដោយយោធា កាលពីខែកក្កដា បន្ទាប់ពីក្រុមមនុស្សយ៉ាងច្រើន បានសម្រុកចូលភូមិគ្រឹះផ្លូវការរបស់គាត់ បន្ទាប់ពីបាតុកម្មជាច្រើនខែ ប្រឆាំងនឹងរដ្ឋាភិបាលរបស់គាត់ ។

បុរសវ័យ៧៣ឆ្នាំរូបនេះ បានប្រកាសលាលែងពីតំណែង ពីប្រទេសសិង្ហបុរី ហើយបានចំណាយពេលជាច្រើនសប្តាហ៍ក្រោមការឃុំខ្លួន ក្នុងផ្ទះនិម្មិតនៅឯសណ្ឋាគារក្រុងបាងកក ដើម្បីបញ្ចុះបញ្ចូលអ្នកស្នងតំណែង របស់គាត់ឱ្យអនុញ្ញាតឱ្យគាត់ត្រឡប់មកវិញ ។

មេដឹកនាំនៃយុទ្ធនាការតវ៉ាដែលបានផ្តួលរំលំ រដ្ឋាភិបាលរបស់គាត់បានលើកឡើងថា លោក Rajapaksa ដែលបានបាត់បង់អភ័យឯកសិទ្ធិ ប្រធានាធិបតីបន្ទាប់ពីចាកចេញពីតំណែងឥឡូវនេះ គួរតែត្រូវបានគេនាំមកកាត់ទោស ។

លោក Joseph Stalin មេដឹកនាំសហជីពគ្រូបង្រៀន ដែលជួយប្រមូលបាតុករ បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP ថា “ លោក Gotabaya បានត្រឡប់មកវិញ ដោយសារតែគ្មានប្រទេសណា ហ៊ានទទួលយកគាត់ គាត់គ្មានកន្លែងលាក់ខ្លួនឡើយ” ។

“គាត់គួរតែត្រូវបានចាប់ខ្លួនភ្លាមៗ សម្រាប់ការបង្កទុក្ខវេទនាបែបនេះ សម្រាប់ប្រជាជន២២លាននាក់ របស់ប្រទេសស្រីលង្កា ។ គាត់គួរតែត្រូវបានកាត់ទោស ចំពោះឧក្រិដ្ឋកម្មរបស់គាត់” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top