ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងលោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងទ្វេភាគី អំឡុងពេលការសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃសៅរ៍ ។
វិមានក្រឹមឡាំងបានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកពូទីន និងលោក Erdogan បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់ពួកគេក្នុងការពង្រីក ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំង២ រួមទាំងការលើកកម្ពស់ គម្រោងយុទ្ធសាស្រ្តរួមគ្នា ក្នុងវិស័យថាមពល ។
យោងតាមសេចក្តីថ្លែងការណ៍នោះ នៅពេលពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន លោក Erdogan បានសង្កត់ធ្ងន់លើតួនាទីស្ថាបនារបស់រុស្ស៊ី ក្នុងការរៀបចំបេសកកម្មរបស់ទីភ្នាក់ងារថាមពល បរមាណូកអន្តរជាតិ ទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា