ប៉េកាំង៖ អាជ្ញាធរក្នុងតំបន់បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា មនុស្ស ៤៦នាក់បានស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦,៨រិចទ័រ ដែលបានវាយលុកខោនធី Luding ក្នុងខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃចន្ទ។
គិតត្រឹមម៉ោង ៨ និង ៣០នាទីយប់ លោក Wang Feng អនុប្រធាននាយកដ្ឋានគ្រប់គ្រងគ្រាអាសន្នខេត្តស៊ីឈួន បានលើកឡើងថា កាលពីថ្ងៃច័ន្ទ មនុស្ស ១៦នាក់បានបាត់ខ្លួន និងជាង ៥០ នាក់បានរងរបួស។
ក្នុងចំណោមអ្នកស្លាប់ មាន២៩នាក់ មកពីខេត្តស្វយ័ត Ganzi ទីបេ ដែលគ្រប់គ្រងខោនធី Luding និង ១៧នាក់ ទៀត មកពីទីក្រុង Ya’an នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ទីស្នាក់ការកណ្តាលសង្គ្រោះគ្រោះរញ្ជួយដីនៅ Ganzi បានធ្វើឱ្យសកម្មកម្រិតខ្ពស់បំផុតនៃការឆ្លើយតបបន្ទាន់ សម្រាប់ការរញ្ជួយដី។ ការរញ្ជួយដីកម្រិត ៦,៨ រិចទ័របានវាយប្រហារខោនធី Luding នៅម៉ោង ១២ និង ៥២យប់ នេះយោងតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន (CENC) នៅថ្ងៃច័ន្ទ (ម៉ោងនៅទីក្រុងប៉េកាំង) ។
CENC បានឲ្យដឹងថា ចំណុចកណ្តាលត្រូវបានត្រួតពិនិត្យនៅរយៈទទឹង ២៩,៥៩ដឺក្រេខាងជើង និងរយៈបណ្តោយ ១០២,០៨ដឺក្រេខាងកើត នៅជម្រៅ ១៦គីឡូម៉ែត្រ។
ចំណុចកណ្តាល នៃការរញ្ជួយដីនេះមានចម្ងាយ ៣៩គីឡូម៉ែត្រពីអាសនៈខោនធី Luding ហើយមានភូមិជាច្រើនក្នុងរង្វង់ ៥គីឡូម៉ែត្រជុំវិញ ចំណុចកណ្តាលនៃការរញ្ជួយដីនេះ៕
ប្រែសម្រួល ឈូក បូរ៉ា