សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ថា អាជ្ញាធរកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ពលរដ្ឋកូរ៉េខាងត្បូងរាប់ពាន់នាក់បានជម្លៀសខ្លួន ខណៈព្យុះទីហ្វុង ហ៊ីនណាមន័រ (Hinnamnor) បានបោកបក់នៅភាគខាងត្បូងប្រទេស ដោយមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ដែលគេរំពឹងថា នឹងបន្តពេញ១ថ្ងៃ ។
រដ្ឋបាលឧតុនិយមកូរ៉េ បានឱ្យដឹងថា ព្យុះទីហ្វុងដែលធ្វើដំណើរ ទៅភាគខាងជើងក្នុងល្បឿន ប្រហែល៥២គីឡូម៉ែត្រ ក្នុង១ម៉ោងបានចាកចេញពីឧបទ្វីបកូរ៉េ នៅម៉ោងប្រហែល៧និង១០នាទីព្រឹក តាមរយៈទឹកហូរចេញពីទីក្រុង Ulsan ភាគអាគ្នេយ៍ បន្ទាប់ពីបានបោកបក់មកលើទីក្រុងឆ្នេរសមុទ្រ Geoje ។
ទីភ្នាក់ងារនេះបានឲ្យដឹងថា ព្យុះត្រូវបានគេរំពឹងថា នឹងធ្វើដំណើរឆ្ពោះទៅភាគឦសាន និងឆ្លងកាត់ប្រហែល៤០០គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង Sapporo ប្រទេសជប៉ុន ប្រហែលពាក់កណ្តាលអធ្រាត្រ នាថ្ងៃអង្គារនេះ ។
អ្នកនាំពាក្យ របស់លោកប្រធានាធិបតី Yoon Suk-yeol បានឲ្យដឹងថា លោកបានកោះប្រជុំឆ្លើយតប និងបានជំរុញឱ្យមន្ត្រីមានការប្រុងប្រយ័ត្ន រហូតដល់ព្យុះទីហ្វុងបានផុតរលត់ទាំងស្រុង ។
ទីភ្នាក់ងារអាកាសធាតុបានឲ្យដឹងថា “ភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងព្យុះសង្ឃរា ត្រូវបានគេរំពឹងទុករហូតដល់ថ្ងៃអង្គារនេះ” ដោយបានព្រមានប្រឆាំងនឹងរលកខ្ពស់ “ខ្លាំង” នៅក្នុងតំបន់ឆ្នេរ ។
អាជ្ញាធរបានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ពលរដ្ឋចំនួន៣.៤៦៣នាក់ត្រូវបានជម្លៀស ដែលភាគច្រើនមកពីតំបន់ភាគខាងត្បូង ដោយម្នាក់អាយុ២៥ឆ្នាំបានរាយការណ៍ថា បានបាត់ខ្លួននៅក្នុងទីក្រុង Ulsan ។
ព្យុះទីហ្វុងបានបង្ខំឱ្យមានការលុបចោលជើងហោះហើររាប់រយជើង ការផ្អាកប្រតិបត្តិការអាជីវកម្ម និងបិទសាលារៀនផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា