វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ថា ជនជាតិអាមេរិកាំង រាប់សិបនាក់ត្រូវបានបាញ់សម្លាប់ និងមនុស្ស១៥នាក់ ត្រូវបានស្លាប់ បាត់បង់ជីវិត នៅក្នុងទីក្រុងជាច្រើន នៅក្នុងថ្ងៃទិវាពលកម្មនៅសហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍ ។
អំពើហឹង្សាដោយកាំភ្លើង បានវាយលុកពេញទីក្រុងធំៗ របស់សហរដ្ឋអាមេរិក រួមទាំងទីក្រុង Philadelphia និងជីកាហ្គោ នៅថ្ងៃវិស្សមកាលចុងសប្តាហ៍ ។
ប៉ូលិសនៅទីក្រុងជីកាហ្គោ បានរាយការណ៍ថា មនុស្ស៧នាក់បានស្លាប់ នៅក្នុងអំពើហិង្សាដោយកាំភ្លើង ហើយយ៉ាងហោចណាស់៤៤នាក់ ត្រូវបានបាញ់នៅចន្លោះយប់ថ្ងៃសុក្រ ដល់យប់ថ្ងៃសៅរ៍ ។
ប្រព័ន្ធផ្សព្វផ្សាយ ABC 7 Chicago បានរាយការណ៍ថា បុរសអាយុ២៤ឆ្នាំម្នាក់ត្រូវបានរងការវាយប្រហារដោយកាំភ្លើងជាច្រើនគ្រាប់នៅខាងក្រោយ បន្ទាប់ពីអ្នកវាយប្រហារជាច្រើនបានស្ទាក់ចាប់គាត់នៅម៉ោងប្រហែល៦និង៣០ល្ងាច ថ្ងៃសុក្រ ខណៈដែលបុគ្គលរូបនេះកំពុងឈរនៅលើចិញ្ចើមផ្លូវ ។
នៅល្ងាចថ្ងៃដដែលនោះ បុរស៤នាក់បានបាញ់៤៥ដងទៅលើក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ខណៈដែលរូបគេកំពុងដើរ នៅផ្លូវនៅភាគខាងត្បូង ជីកាហ្គោ ។ បាញ់ចំខ្នង២គ្រាប់ ហើយក្មេងប្រុស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។
យោងតាមប៉ូលិសបានឱ្យដឹងថា បន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ បុរសអាយុ៣១ឆ្នាំម្នាក់ត្រូវបានបាញ់ចំទ្រូងនៅផ្នែកខាងជើងនៃទីក្រុងជីកាហ្គោ ហើយក្រោយមកបានស្លាប់នៅក្នុងមន្ទីរពេទ្យ ។
នៅប៉ុន្មានម៉ោងក្រោយមក បុរសអាយុ២២ឆ្នាំម្នាក់ បានស្លាប់ដោយសារ ការបាញ់ប្រហារ ជាច្រើនគ្រាប់ បន្ទាប់ពីត្រូវបានគេនាំទៅ កាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ ជីកាហ្គោ ។
កាលពីរសៀលថ្ងៃសៅរ៍ បុរសអាយុ២៨ឆ្នាំម្នាក់ ត្រូវបានបាញ់សម្លាប់ក្នុងអំឡុង ពេលឈ្លោះប្រកែកគ្នានៅទីក្រុងជីកាហ្គោ នៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ។
ប្រហែលម៉ោង១១យប់ កាលពីថ្ងៃសៅរ៍ បុរសអាយុ២០ឆ្នាំម្នាក់ ត្រូវបានសម្លាប់ដោយការបាញ់កាំភ្លើង បន្ទាប់ពីការឈ្លោះប្រកែកគ្នា នៅក្នុងផ្ទះរបស់នរណាម្នាក់ នេះបើយោងតាមការ អនុវត្តច្បាប់ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មិនទាន់មាន ការចាប់ខ្លួននោះទេ ។
ទីក្រុង Philadelphia ដែលមានរហស្សនាមថា ទីក្រុងនៃសេចក្ដីស្រឡាញ់ជាបងប្អូន បានឃើញការផ្ទុះអំពើហិង្សា ដោយកាំភ្លើង នៅថ្ងៃឈប់សម្រាកចុងសប្ដាហ៍ ។ ក្នុងរយៈពេល៧២ម៉ោង មនុស្សយ៉ាងតិច២៧នាក់ ត្រូវបានបាញ់សម្លាប់៨នាក់ នេះបើយោងតាមសារព័ត៌មាន Fox 29 ៕