ព័ត៌មានអន្តរជាតិ

Update: អ្នកស្លាប់កើនដល់ ៦៥នាក់ ក្រោយរញ្ជូយដីវាយប្រហារ ខេត្តស៊ីឈួន ប្រទេសចិន ខណៈអ្នករបួសមាន ជាង២០០នាក់

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយចិន បានរាយការណ៍នៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី កម្រិត ៦.៨ រិចទ័រ ដែលបានវាយប្រហារ ខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃមុន បានកើនឡើងដល់ ៦៥ នាក់ ហើយមនុស្សជាង ២០០ នាក់បានរងរបួស។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ការងារជួយសង្គ្រោះបានបន្តពេញមួយយប់ និងរហូតដល់ព្រឹក បន្ទាប់ពីរញ្ជួយដីដែលបានវាយប្រហារ Luding County ក្នុងខេត្តស្វយ័ត Ganzi ទីបេ នៅម៉ោង 12:52 រសៀលថ្ងៃច័ន្ទ ក្នុងជម្រៅ ១៦ គីឡូម៉ែត្រ ក្រោមការបញ្ជារបស់ប្រធានាធិបតី Xi Jinping ឱ្យខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់។

ខេត្តនេះបានដាក់ពង្រាយអ្នកជួយសង្គ្រោះជាង ៦ ៥០០ នាក់ ឧទ្ធម្ភាគចក្រ ៤ គ្រឿង និងយន្តហោះគ្មានមនុស្សបើកចំនួន ២ គ្រឿង ខណៈដែលមនុស្សជាង ៥០ ០០០នាក់នៅក្នុងទីក្រុង Ganzi និងទីក្រុង Ya’an ដែលនៅជិតខាងត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។

សេចក្តីរាយការណ៍សារព័ត៌មាន ស៊ិនហួ បានដកស្រង់សម្តីអ្នកជួយសង្គ្រោះដែលនិយាយថា ការរញ្ជួយដីជាច្រើនបានកើតឡើង ហើយផ្លូវមួយចំនួនត្រូវបានបិទ ។ វាបានបន្ថែមថា នៅក្នុងទីក្រុងភ្នំ Moxi ក្នុងតំបន់ Luding County អគ្គិសនី និងទំនាក់ទំនងត្រូវបានកាត់ផ្តាច់ ហើយឧបករណ៍បង្កើតថាមពល សង្គ្រោះបន្ទាន់ត្រូវបានប្រើប្រាស់ សម្រាប់អ្នកស្រុកដែលកំពុងស្នាក់នៅ៕

ប្រែសម្រួលៈ ណៃ តុលា

To Top