ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Gazprom របស់រុស្ស៊ី គ្រោងនឹងលក់ឧស្ម័ន ទៅឱ្យប្រទេសចិន ទាំងប្រាក់រូបល និងប្រាក់យន់ ដើម្បីជៀសឲ្យឆ្ងាយពីប្រាក់អឺរ៉ូ

ម៉ូស្គូ ៖ ក្រុមហ៊ុន Gazprom បានឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថា ក្រុមហ៊ុននឹងផ្លាស់ប្តូរការបង់ប្រាក់ សម្រាប់ការនាំចេញ ឧស្ម័នទៅកាន់ប្រទេសចិន ដើម្បីជៀសឲ្យឆ្ងាយពីប្រាក់អឺរ៉ូ ហើយប្តូរទៅជាប្រាក់រូបល និងប្រាក់យន់ជំនួសវិញ ។

ប្រភពបានប្រាប់ Bloomberg ថា ក្រុមហ៊ុនឧស្ម័នរដ្ឋ របស់រុស្ស៊ី បានឲ្យដឹងថា វិធីសាស្ត្រ នៃការទូទាត់ថ្មី នឹងចូលជាធរមានភ្លាមៗ សម្រាប់កិច្ចសន្យា របស់ ខ្លួនជាមួយ នឹងក្រុមហ៊ុន National Petroleum Corp របស់ ប្រទេសចិន។ ការទូទាត់ នឹងត្រូវបែងចែក ស្មើៗគ្នារវាង ប្រាក់រូបល និងប្រាក់យន់។

ប្រទេសរុស្ស៊ីបានផ្លាស់ប្តូរយ៉ាង ឆាប់រហ័សពីប្រាក់អឺរ៉ូ និងប្រាក់ដុល្លារចាប់តាំងពីវិមានក្រឹមឡាំង ឈ្លានពានអ៊ុយក្រែន ដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទាមទារឱ្យប្រទេស ដែលទទួលលំហូរឧស្ម័នពីក្រុមហ៊ុន Gazprom នៅអឺរ៉ុបបង់ប្រាក់ជាប្រាក់រូបល ដើម្បីគេចពីទណ្ឌកម្ម របស់លោកខាងលិច ហើយនៅពេលអ្នកទិញបដិសេធ មិនព្រមធ្វើដូចនេះ ក្រុមហ៊ុន Gazprom បានបិទលំហូរឧស្ម័នជាការឆ្លើយតប ។

ក្រៅពីប្រទេសចិន រុស្ស៊ីក៏កំពុងប្រើប្រាស់ប្រាក់រូបល សម្រាប់ការទូទាត់ឧស្ម័នជាមួយតួកគី ដែលមិនបានដាក់ទណ្ឌកម្ម ចំពោះវិមានក្រឹមឡាំង។ ការផ្លាស់ប្តូរទៅជាប្រាក់រូបល ជាមួយប្រទេសតួកគីនឹង មិនមានប្រសិទ្ធភាពភ្លាមៗនោះទេ យោងទៅតាម Bloomberg ហើយ ២ភាគ៣ នៃការដឹកជញ្ជូននឹងត្រូវបង់ជាប្រាក់អឺរ៉ូ និងដុល្លារ ។

ការកើនឡើង ពាណិជ្ជកម្ម របស់រុស្ស៊ីជាមួយ ប្រទេសចិន បានជួយជំរុញតម្រូវការក្នុងស្រុក សម្រាប់ប្រាក់យន់។ ឥឡូវនេះប្រទេសរុស្ស៊ី គឺជាទីផ្សារធំ ជាងគេទីបី សម្រាប់ប្រតិបត្តិការ ប្រាក់យន់នៅខាងក្រៅ ប្រទេសចិនដីគោក ខណៈដែលទណ្ឌកម្មរបស់លោកខាងលិច រារាំងការទូទាត់ដោយ ប្រើប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ។

ប្រទេសរុស្ស៊ី បានបង់ប្រាក់រួចហើយ សម្រាប់ការនាំចេញប្រេង របស់ខ្លួនជាប្រាក់យន់ ជំនួសឱ្យប្រាក់ដុល្លារ ដែលជារូបិយប័ណ្ណចម្បង សម្រាប់ទំនិញ ភាគច្រើន។ រុស្ស៊ីក៏បានទទួលយកប្រាក់យន់ សម្រាប់ការដឹកជញ្ជូនធ្យូងថ្មផងដែរ។ ហើយនៅក្នុងខែមីនា ធនាគារកណ្តាលរបស់រុស្ស៊ីបានឲ្យដឹងថា ខ្លួននឹងប្រើប្រាស់ប្រាក់យន់ នៅក្នុងទុនបម្រុងរូបិយប័ណ្ណរបស់ខ្លួន។

ទន្ទឹមនឹងនេះ ប្រទេសរុស្ស៊ីកំពុងពិចារណាទិញ រហូតដល់ ៧០ពាន់លានដុល្លារជាប្រាក់យន់ចិន និងរូបិយប័ណ្ណផ្សេងទៀត ពីប្រទេស “មិត្ត” ដើម្បីដាក់ហ្វ្រាំងលើប្រាក់រូបិយបណ្ណ ដែលកើនឡើង ដូចជាលុយដុល្លារជាដើម នេះបើយោងតាមរបាយការណ៍ របស់ Bloomberg៕

To Top