ម៉ូស្កូ៖ ប្រទេសរុស្ស៊ី អាចរកប្រាក់បានកាន់តែច្រើន ប្រសិនបើខ្លួនចាប់ផ្តើម លំហូរឧស្ម័នធម្មជាតិឡើងវិញ ក្នុងកំឡុងខែរដូវរងាសំខាន់ៗ នេះបើយោងតាមប្រធានផ្នែកស្រាវជ្រាវ ទំនិញសកលរបស់ Citigroup ។
ក្រុមហ៊ុនថាមពលយក្ស Gazprom ដែលគ្រប់គ្រងដោយរដ្ឋ បានបញ្ឈប់ការដឹកជញ្ជូនឧស្ម័ន ទៅកាន់អឺរ៉ុប តាមរយៈបំពង់ Nord Stream1 កាលពីសប្តាហ៍មុន។ ប៉ុន្តែលោក Ed Morse បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ Bloomberg ប៉ុន្តែលទ្ធភាពរបស់រុស្ស៊ី ក្នុងការលក់ឧស្ម័ននៅកន្លែងផ្សេងទៀត តាមបំពង់គឺភាគច្រើនត្រូវបានកំណត់ ចំពោះអតីតសាធារណរដ្ឋសូវៀត ដែលមិនមានទំហំធំគ្រប់គ្រាន់ ដើម្បីទូទាត់បរិមាណ ដែលបានទៅអឺរ៉ុបឡើយ។
លោកបានបន្តថា “រុស្ស៊ី នឹងអស់កន្លែងលក់ឧស្ម័ន ក្នុងពេលឆាប់ៗនេះ”។ មន្ត្រីរុស្ស៊ីបានបញ្ជាក់ថា លំហូរឧស្ម័ននឹងមិនបន្តឡើងវិញនោះទេ រហូតទាល់តែទណ្ឌកម្ម របស់សហភាពអឺរ៉ុប ត្រូវបានដកចេញ ដែលបង្កើនការព្រួយបារម្ភបន្ថែមទៀត អំពីរបៀបដែលប្រទេសនានា នឹងស៊ូទ្រាំនៅប៉ុន្មានខែខាងមុខនេះ។
លោក Morse បានបន្ដថា ទោះបីជាយ៉ាងណាក៏ដោយ វាអាចជាផលប្រយោជន៍ហិរញ្ញវត្ថុ ដ៏ល្អបំផុតរបស់រុស្ស៊ី ដើម្បីបន្តការចែកចាយឧស្ម័ន ទៅកាន់ទ្វីបនេះ។
លោកបានបន្តថែមថា “មានកម្រិតតិចតួចប៉ុណ្ណោះ នៃការប្ដូររុស្ស៊ី អាចធ្វើដើម្បីលក់ឧស្ម័ន តាមបំពង់ទៅប្រទេសផ្សេងទៀត ។ “នៅពេលណាមួយ រុស្ស៊ីអាចនិយាយថា “ហេយើងចង់បង្កើនប្រាក់ចំណូល ដែលយើងទទួលបាន ពីឧស្ម័នធម្មជាតិ”។
លោក Morse បានបន្ថែមទៀតថា លោកនឹងមិនភ្ញាក់ផ្អើលនោះទេ ប្រសិនបើរុស្ស៊ីចាប់ផ្តើមលំហូរឧស្ម័នឡើងវិញ បន្ទាប់ពីបណ្តាប្រទេសនៅអឺរ៉ុប ចាប់ផ្តើមបន្ថយកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តុកទុកសារពើភ័ណ្ឌ ឱ្យបានគ្រប់គ្រាន់ សម្រាប់រដូវរងារ “ហើយរុស្ស៊ីនឹងរកប្រាក់បានច្រើនលើវា”៕ ប្រែសម្រួល ឈូក បូរ៉ា