ព័ត៌មានអន្តរជាតិ

អាមេរិក ស្ថិតនៅក្រោមសម្ពាធ​ ក្នុងការទប់ស្កាត់ការផ្ទុះឡើង នៃជំងឺអុតស្វា ខណៈករណីឆ្លងកើនឡើង ដល់ជាង ២ម៉ឺនករណី

វ៉ាស៊ីនតោន៖ យោងតាមទិន្នន័យចុងក្រោយបំផុត ពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានឱ្យដឹងថា ក្នុងរយៈពេលជាង ៣ខែនៃការផ្ទុះឡើង នៃជំងឺអុតស្វានេះ ករណីជំងឺអុតស្វាជាង ២ម៉ឺនករណីត្រូវបានបញ្ជាក់ នៅក្នុងសហរដ្ឋអាមេរិក។

ក្តីបារម្ភកំពុងកើនឡើងថា បង្អួចនៃឱកាសសម្រាប់ការទប់ស្កាត់ ការរីករាលដាលនៃជំងឺអុតស្វា ក្នុងប្រទេសនេះអាចនឹងត្រូវបិទ ដោយកង្វះវ៉ាក់សាំងធ្វើឱ្យក្រុមដែលប្រឈមមុខ នឹងការរង់ចាំជាច្រើនសប្តាហ៍ ដើម្បីទទួលថ្នាំបង្ការ។

ទិន្នន័យរបស់ CDC បានបង្ហាញថា សរុបចំនួន ២០,៧៣៣ករណីនៃជំងឺអុតស្វា ត្រូវបានគេរាយការណ៍ នៅទូទាំងប្រទេស គិតត្រឹមថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋកាលីហ្វ័រញ៉ា មានករណីច្រើនជាងគេ ដែលមានចំនួន ៣,៨៣៣ករណី បន្ទាប់មកទីក្រុងញូវយ៉ក មាន ៣,៥២៦ករណី និងរដ្ឋផ្លរីដា ដែលមាន ២,១២៦ករណី នេះបើយោងតាមទិន្នន័យរបស់ CDC ។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក មានករណីកើតជំងឺ អុតស្វា ច្រើន ជាង គេ ក្នុង ពិភពលោក។

នាយក CDC លោក Rochelle Walensky បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ខណៈពេលដែលករណីជំងឺអុតស្វា កំពុងកើនឡើងទូទាំងប្រទេស ល្បឿននៃការផ្ទុះឡើង ហាក់ដូចជាមានការថយចុះ។

ទោះជាយ៉ាងណាក៏ដោយ មន្ត្រីសុខាភិបាលព្រមានថា ការយឺតយ៉ាវក្នុងការរាយការណ៍ទិន្នន័យ អាចផ្តល់នូវរូបភាពមិនពេញលេញ នៃការផ្ទុះឡើង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលធ្វើឱ្យវាពិបាកក្នុងការដឹងថា តើករណីពិតជាឈានដល់ កម្រិតកំពូលឬយ៉ាងណា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top