សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងជើង បានអនុម័តច្បាប់ជាផ្លូវការ ដែលបញ្ជាក់ពីគោលនយោបាយ អាវុធនុយក្លេអ៊ែរ របស់ខ្លួន ដែលជាទង្វើដែលមេដឹកនាំគីម ជុងអ៊ុន ដែលបានលើកឡើងថា ធ្វើឱ្យស្ថានភាពនុយក្លេអ៊ែរ របស់ខ្លួន “មិនអាចបកក្រោយវិញបានឡើយ” និងរារាំងការចរចាណាមួយ ស្តីពីការលុបបំបាត់ អាវុធនុយក្លេអ៊ែរ ។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះបានកើតឡើង នៅគ្រាដែលអ្នកសង្កេតការណ៍ បានលើកឡើងថា កូរ៉េខាងជើង ហាក់បីដូចជាកំពុងរៀបចំឡើងវិញ នូវការធ្វើតេស្តនុយក្លេអ៊ែរ ជាលើកដំបូង ចាប់តាំងពីឆ្នាំ២០១៧ បន្ទាប់ពីកិច្ចប្រជុំកំពូល ជាប្រវត្តិសាស្ត្រ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំពិភពលោកផ្សេងទៀត ក្នុងឆ្នាំ២០១៨ បានបរាជ័យក្នុងការបញ្ចុះបញ្ចូល លោក គីម ឱ្យបោះបង់ចោល ការអភិវឌ្ឍន៍ អាវុធរបស់គាត់ ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ ហៅកាត់ថា KCNA បានឱ្យដឹងថា សភាកូរ៉េខាងជើង ដែលជាសភាប្រជាជនកំពូល បានអនុម័តច្បាប់នេះ កាលពីថ្ងៃព្រហស្បតិ៍ ។
លោក គីម បានថ្លែងនៅក្នុងសុន្ទរកថា ទៅកាន់សភាប្រជាជនកំពូលថា “សារៈសំខាន់បំផុតនៃការបង្កើតច្បាប់ ស្តីពី អាវុធនុយក្លេអ៊ែរ គឺការគូសខ្សែបន្ទាត់ ដែលមិនអាចដកហូតបាន ដើម្បីកុំឱ្យមានការចរចា លើអាវុធនុយក្លេអ៊ែរ របស់យើង” ។
កូរ៉េខាងជើង បានប្រកាសខ្លួនជារដ្ឋអាវុធនុយក្លេអ៊ែរ រួចហើយ នៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ប៉ុន្តែច្បាប់ថ្មីនេះហួសពីនោះ ដើម្បីគូសបញ្ជាក់នៅគ្រា ដែលអាវុធនុយក្លេអ៊ែរ អាចប្រើប្រាស់បាន រួមទាំងឆ្លើយតបទៅនឹង ការវាយប្រហារ ឬបញ្ឈប់ការឈ្លានពាន ។ ច្បាប់នេះក៏អនុញ្ញាតឱ្យមាន ការវាយប្រហារនុយក្លេអ៊ែរ ទុកជាមុន ប្រសិនបើការវាយប្រហារ ដែលជិតមកដល់ដោយ អាវុធប្រល័យលោក ឬប្រឆាំងនឹង “គោលដៅយុទ្ធសាស្ត្រ” របស់ប្រទេសដែលត្រូវបាន រកឃើញនោះ ។
ទីភ្នាក់ងារ KCNA បានរាយការណ៍ថា ច្បាប់នេះក៏ហាមឃាត់ការចែករំលែក អាវុធនុយក្លេអ៊ែរ ឬបច្ចេកវិទ្យាជាមួយប្រទេសដទៃទៀត ផងដែរ ។
ទីភ្នាក់ងារ KCNA បានរាយការណ៍ថា អនុសភាម្នាក់បានលើកឡើងថា ច្បាប់នេះនឹងបម្រើជាការធានាផ្នែកច្បាប់ដ៏មានអានុភាពសម្រាប់ ការបង្រួបបង្រួមជំហរ របស់កូរ៉េខាងជើង ជារដ្ឋអាវុធនុយក្លេអ៊ែរ និងធានានូវ “លក្ខណៈតម្លាភាព សមស្រប និងស្តង់ដារ” នៃគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន ៕
ដោយ៖ ម៉ៅ បុប្ផាមករា