ព័ត៌មានអន្តរជាតិ

IAEA៖ ស្ថានភាពនៅ រោងចក្រនុយក្លេអ៊ែរ Zaporizhzhia កាន់តែមិនច្បាស់លាស់

វីយែន៖ ប្រធានទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) កាលពីថ្ងៃសុក្រ បានឲ្យដឹងថា ស្ថានភាពនៅរោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន កំពុងក្លាយជា “ការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង” បន្ទាប់ពីការបាញ់ផ្លោងបានបណ្តាលឱ្យ ដាច់ភ្លើងទាំងស្រុងនៅក្នុងទីក្រុង Enerhodar ក្បែរនោះ។

អគ្គនាយក IAEA លោក Rafael Grossi បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបាញ់ផ្លោងនៃកន្លែងប្តូរ នៅរោងចក្រថាមពលកំដៅក្នុងទីក្រុង Enerhodar ដែលជាផ្ទះរបស់ប្រតិបត្តិកររោងចក្រ Zaporizhzhia និងក្រុមគ្រួសាររបស់ពួកគេ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់ទីក្រុង និងនាំឱ្យមានការដាច់ភ្លើងទូទាំងទីក្រុង។

លោក Grossi បានលើកឡើងថា “ដោយសារការកើនឡើង និងបន្តការបាញ់ផ្លោង វាមានឱកាសតិចតួចក្នុងការ បង្កើតឡើងវិញនូវថាមពល ខាងក្រៅដែលអាចទុកចិត្តបាន” ដល់រោងចក្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ដថា ប្រតិបត្តិកររបស់រោងចក្រ Zaporizhzhia កំពុងពិចារណា បិទម៉ាស៊ីនរ៉េអាក់ទ័រប្រតិបត្តិការ តែមួយគត់របស់រោងចក្រ ដែលនឹងទុកឱ្យរោងចក្រនេះ ពឹងផ្អែកទាំងស្រុងលើម៉ាស៊ីន ម៉ាស៊ូតសង្គ្រោះបន្ទាន់ សម្រាប់ការធានាសុវត្ថិភាព និងមុខងារសន្តិសុខនុយក្លេអ៊ែរដ៏សំខាន់។

លោក Grossi ក៏បានឲ្យដឹងផងដែរថា ស្ថានភាពកាន់តែអាក្រក់នៅ Enerhodar អាចប៉ះពាល់ដល់ការមាន បុគ្គលិកសំខាន់ៗនៅក្នុង រោងចក្រនុយក្លេអ៊ែរខាងលើនេះ។

លោកបានរំលឹកឡើងវិញ នូវការអំពាវនាវរបស់លោក ឱ្យបញ្ឈប់ជាបន្ទាន់នូវការបាញ់ផ្លោងទាំងអស់ នៅជុំវិញរោងចក្រ និងការបង្កើត “តំបន់ការពារសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរឥឡូវនេះ” ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top