កំពង់ចាម៖ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកកោះសូទិន នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២២ នេះ ឧបនាយករដ្ឋមន្ត្រី លោក យឹម ឆៃលី បានមានប្រសាសន៍ណែនាំ ឲ្យក្រុមប្រឹក្សាឃុំ ទើបជាប់ឆ្នោត ត្រូវខិតខំថែរក្សាសុខសន្តិភាព និងបន្តបម្រើសេវាជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរ។
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពសង្គម ធ្វើអំពើល្អ ដឹកនាំល្អ កសាងស្នាដៃ និងសមិទ្ធផលជាក់ស្តែង ជាច្រើនជូនប្រជាពលរដ្ឋ ក្នុងនោះក៏មានការចូលរួម ពីវិស័យឯកជនផងដែរ ។
លោកឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យមន្ត្រី ខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈ ប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាជន ពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់អភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។
ខិតខំដោះស្រាយជម្លោះដីធ្លី ក្រៅប្រព័ន្ធតុលាការឱ្យបានល្អ និងឆាប់រហ័ស និងខិតខំជំរុញការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍ឃុំ ឆ្នាំ២០២២-២០២៧ របស់ឃុំនីមួយៗ ដែលបានប្រកាសជូនប្រជាជន ឱ្យទទួលបានសមិទ្ធផលថ្មីៗទៀត និងយកចិត្តទុកដាក់រៀនសូត្រ កសាងសមត្ថភាពការងារខ្លួន ដែលជាប្រធាន ជំទប់ និងសមាជិកក្រុមប្រឹក្សាទទួលតំណែងថ្មី។
ត្រូវពង្រឹងការអនុវត្តឱ្យបានល្អ នូវតួនាទី ភារកិច្ច និងរបៀបរបបធ្វើការរបស់ក្រុមប្រឹក្សាឃុំ ជាពិសេសការពង្រឹងមន្ត្រីបង្គោលរបស់ឃុំ គឹមេឃុំ មេប៉ុស្តិ៍ ស្មៀន និងមេភូមិ ឱ្យទទួលបានការគោរពស្រឡាញ់រាប់អាន និងជឿទុកចិត្តពីប្រជាជន ត្រូវហ៊ាននិយាយរិះគន់កែលំអរ មន្ត្រីបង្គោលណា ដែលបម្រើប្រជាជនក្នុងមូលដ្ឋានខ្លួន មិនបានល្អផងដែរ ៕