ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងសហរដ្ឋអាមេរិក បានបញ្ជូនរថយន្ដដឹកប្រេងចំនួន ៨៨ គ្រឿងនៃប្រេងស៊ីរី ដែលលួចបានចេញពីខេត្ត Hasakah ភាគឦសានទៅកាន់មូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលនៅជិតខាងនោះ កាលពីថ្ងៃសុក្រ។
របាយការណ៍បានឲ្យដឹងថា ការដឹកជញ្ជូនចុងក្រោយបំផុត ត្រូវបានបញ្ជូនទៅអ៊ីរ៉ាក់ ជាក្រុមតាមរយៈ ការឆ្លងកាត់ខុសច្បាប់ al-Mahmoudiyeh ដែលតភ្ជាប់ពីតំបន់ Hasakah ជាមួយភាគខាងជើងអ៊ីរ៉ាក់ ។
យោងតាមសារព័ត៌មាន SANA បានឱ្យដឹងថា កាលពីសប្តាហ៍មុន រថយន្ដដឹកប្រេងជាង ៣០០គ្រឿង ត្រូវបានបញ្ជូនពីអណ្តូងប្រេងស៊ីរី ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក នៅខេត្ដ Hasakah ទៅកាន់មូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់។
នៅក្នុងប្រទេសស៊ីរី ប្រជាជនកំពុងតស៊ូ ដើម្បីធានាបានឧស្ម័ន សម្រាប់ចម្អិនអាហារ និងប្រេងឥន្ធនៈសម្រាប់រថយន្ត និងអាជីវកម្មរបស់ពួកគេ។ កង្វះខាតប្រេង ក៏បណ្តាលឱ្យដាច់ភ្លើងប្រចាំថ្ងៃ ក្នុងរយៈពេលយូរផងដែរ។
កាលពីថ្ងៃទី០៨ ខែសីហា ក្រសួងប្រេងស៊ីរីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងអាមេរិកបានលួច ៨០ភាគរយ នៃផលិតកម្មប្រេងរបស់ប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កងកម្លាំងសហរដ្ឋអាមេរិក និងទាហានស៊ីឈ្នួលរបស់ពួកគេ កំពុងលួចប្រេងជាមធ្យម ៦៦០០០ បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងប្រទេសស៊ីរី ខណៈដែលការផលិតប្រេងប្រចាំថ្ងៃ ជាមធ្យមរបស់ប្រទេសត្រូវបាន គេប៉ាន់ប្រមាណថា បានឈានដល់ ៨០០០០ បារ៉ែលនៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២២៕ ប្រែសម្រួល ឈូក បូរ៉ា