ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrey Rudenko បានឲ្យដឹងថា ទីក្រុងម៉ូស្គូបច្ចុប្បន្ន កំពុងពិចារណាចាត់វិធានការសងសឹក ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្ត របស់ទីក្រុងគៀវ ក្នុងការដាក់របបទិដ្ឋាការ សម្រាប់ពលរដ្ឋរុស្ស៊ី។
លោក Rudenko ត្រូវបានសារព័ត៌មានក្នុងស្រុក ស្រង់សម្ដីថា “បច្ចុប្បន្នយើងកំពុងពិភាក្សា អំពីបញ្ហានេះនៅក្នុងនាយកដ្ឋានផ្សេងៗ យើងនឹងពិចារណាលើទិដ្ឋភាពយ៉ាងទូលំទូលាយ រួមទាំងផ្នែកមនុស្សធម៌ផងដែរ”។
លោកបានលើកឡើងថា “យើងមិនចង់ធ្វើឱ្យស្មុគស្មាញដល់ជីវិតរបស់ពលរដ្ឋអ៊ុយក្រែនទាំងនោះ ដែលមានបំណងចាកចេញពីប្រទេស ហើយទៅប្រទេសរុស្ស៊ីនោះទេ។ ការទទួលបានទិដ្ឋាការនឹងក្លាយជា ការលំបាកសម្រាប់ពួកគេ” ។
លោក Rudenko បានបន្ដថាការសម្រេចចិត្តចុងក្រោយមិនទាន់ត្រូវបានធ្វើឡើងទេ ហើយថាការឆ្លើយតបនឹងមិនត្រូវស៊ីមេទ្រីនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអង្គារ លោក Rudenko បានលើកឡើងថា ពលរដ្ឋអ៊ុយក្រែន នៅតែអាចចូលប្រទេសរុស្ស៊ីដោយគ្មានទិដ្ឋាការរហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ នៅថ្ងៃទី០១ ខែកក្កដា អ៊ុយក្រែន បានណែនាំរបបទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៊ី បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលរបស់ខ្លួន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងកាលពីខែមិថុនាថា ប្រទេសនេះបានសម្រេចចិត្តបញ្ចប់ការធ្វើដំណើរដោយគ្មានទិដ្ឋាការ សម្រាប់ពលរដ្ឋរុស្ស៊ី ដោយសារតែ “ការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមកចំពោះសន្តិសុខជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី” របស់អ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា