ព័ត៌មានអន្តរជាតិ

ថៃ ណែនាំដល់ប្រជាជន ក្នុងខេត្តចំនួន ៥៦ រួមទាំងទីក្រុងបាងកក ឱ្យប្រុងប្រយ័ត្នអំពីទឹកជំនន់

បរទេស៖ មជ្ឈមណ្ឌលបញ្ជាការទឹកជាតិ របស់ប្រទេសថៃ នៅថ្ងៃសៅរ៍ បានចេញសេចក្តីណែនាំ ដល់ប្រជាជនក្នុងខេត្តចំនួន ៥៦ រួមទាំងទីក្រុងបាងកក និងជាយក្រុងបាងកក ដើម្បីទប់ទល់នឹងការជន់លិចពីទន្លេ និងទឹកជំនន់ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ២៤ម៉ោង។

យោងតាមសារព័ត៌មាន Thai PBS World ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ទន្ទឹមនឹងនេះ នាយកដ្ឋានធារាសាស្ត្រថៃ ក៏បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយទឹកជំនន់ នៅក្នុងខេត្ត Pathum Thani ដែលនៅជាប់ទីក្រុងបាងកក ដោយបង្ហូរទឹកពីប្រឡាយ Rangsit Prayoonsak ចូលទៅក្នុងទន្លេ ចៅប្រាយ៉ា និងតាមរយៈបណ្តាញប្រឡាយចូលទៅក្នុងទន្លេ បាងប៉ាកុង ក្នុងភាគខាងកើតខេត្ត Chachoengsao និងទីបំផុតចូលទៅក្នុងឈូងសមុទ្រថៃ។

នាយកដ្ឋានបានផ្តល់ការធានា ការបង្ហូរទឹកតាមរយៈទំនប់ ចៅប្រាយ៉ា ក្នុងខេត្ត Chai Nat ក្នុងអត្រា ១ ៤៤៨ម៉ែត្រគូប ក្នុងមួយវិនាទី និងតាមរយៈទំនប់ Pasak Jolasid ក្នុងខេត្ត Lop Buri ក្នុងអត្រា ៣០០ម៉ែត្រគូប ក្នុងមួយវិនាទីចាប់តាំងពីម្សិលមិញ នឹងមិនប៉ះពាល់ដល់តំបន់ខាងក្រោមនោះទេ។

តំបន់ជាច្រើនក្នុងខេត្ត Pathum Thani ជាពិសេស Rangsit ត្រូវបានជន់លិចតាំងពីថ្ងៃពុធ។ ទឹកកំពុងស្រកបន្តិចម្តងៗ ដោយសារតែកម្រិតទឹកក្នុងប្រឡាយ Rangsit Prayoonsak នៅតែខ្ពស់ ដែលធ្វើឲ្យទឹកស្ទើរតែមិនអាចបង្ហូរចូលបាន៕ ប្រែសម្រួលៈ ណៃ តុលា

To Top