ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោសអាមេរិក ចំពោះការដាក់ទណ្ឌកម្ម លើក្រសួងស៊ើបការសម្ងាត់របស់ខ្លួន

តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ បានថ្កោលទោសការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រសួងស៊ើបការណ៍សម្ងាត់របស់ខ្លួន ដែលត្រូវបានចោទប្រកាន់ថា បានបើកការវាយប្រហារតាមអ៊ីនធឺណិត លើអាល់បានី។

លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា “ស្លាកទណ្ឌកម្មថ្មីនេះ ដូចគ្នានឹងការដាក់ទណ្ឌកម្មខុសច្បាប់ពីមុន របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រសួងស៊ើបការណ៍សម្ងាត់ដែរ នឹងមិនអាចធ្វើឱ្យមានការអាក់អន់ស្រពន់ចិត្តបំផុត ក្នុងការប្តេជ្ញាចិត្តរបស់អ្នកបម្រើសន្តិសុខរបស់ប្រជាជនអ៊ីរ៉ង់ឡើយ” ។  

ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្របានដាក់ទណ្ឌកម្មលើក្រសួងស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់ និងរដ្ឋមន្ត្រីរបស់ខ្លួនលោក Esmail Khatib ដោយលើកឡើងពីការវាយប្រហារតាមអ៊ីនធឺណិត ដោយទីក្រុងតេអេរ៉ង់ លើរដ្ឋាភិបាលអាល់បានី កាលពីខែកក្កដា។

កាលពីថ្ងៃពុធ ប្រទេសអាល់បានី បានផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់។  សហរដ្ឋអាមេរិក​បាន​គាំទ្រ​ ចំណាត់ការ​របស់​អាល់បានី ហើយ​បាន​ប្តេជ្ញា ​ចាត់​វិធានការ​ឆ្លើយតប ​នឹង​ការ​វាយ​ប្រហារ​ដែល​បាន​ចោទ​ប្រកាន់ ​មក​លើ​សម្ព័ន្ធមិត្ត​ណាតូ​របស់​ខ្លួន។

លោក Kanaani បានលើកឡើងថា វ៉ាស៊ីនតោនគឺជា “អ្នករចនាសេណារីយ៉ូនេះ” ហើយ Tirana គ្រាន់តែជាជនរងគ្រោះនៃគម្រោងរបស់វ៉ាស៊ីនតោនប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

នៅក្នុងនោះដែរលោក បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះអ្វីដែលលោកបានហៅដោយបង្ខំ ឱ្យអាល់បានីធ្វើជាម្ចាស់ផ្ទះ “និកាយភេរវករ” របស់អ៊ីរ៉ង់ ដែលសំដៅទៅលើអង្គការ Mujahedin-e Khalq (MKO)៕ ប្រែសម្រួល ឈូក បូរ៉ា

To Top