ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារលើខេត្តភាគខាងលិច នៃកោះស៊ូម៉ាត្រា ភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអាទិត្យនេះ ប៉ុន្តែមិនបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសនោះទេ ។
នៅមុននេះ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសនេះ បានចេញផ្សាយការរញ្ជួយដីកម្រិត៦,១ រ៉ិចទ័រ ហើយបន្ទាប់មកបានកែប្រែ ទៅជាមាត្រដ្ឋាន៦,២រ៉ិចទ័រវិញ ។ ប្រធានផ្នែករញ្ជួយដី និងរលកយក្សស៊ូណាមិ នៃទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ លោក Daryono បានថ្លែងយ៉ាងដូច្នេះ ។
គាត់បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួ តាមទូរស័ព្ទថា “កម្រិត៦,២រ៉ិចទ័រ គឺជាព័ត៌មានបឋម ហើយ៦,២វិញ គឺជាតួលេខត្រឹមត្រូវ” ។
ទីភ្នាក់ងារនេះបានរាយការណ៍ថា ការរញ្ជួយដីបានកើតឡើងនៅម៉ោង៦និង១០នាទី ម៉ោងនៅទីក្រុងហ្សាការតា នៅថ្ងៃអាទិត្យនេះ ត្រូវនឹងម៉ោង២៣និង១០នាទីយប់ថ្ងៃសៅរ៍ម៉ោងសកល ដែលមានចំណុចកណ្តាលនៅចម្ងាយ១៦១គីឡូម៉ែត្រភាគពាយព្យ នៃស្រុកកោះ Mentawai និងជម្រៅ១០គីឡូម៉ែត្រនៅក្រោមបាតសមុទ្រ ។
ទីភ្នាក់ងារបានឲ្យដឹងថា ការរញ្ជួយដីមិនមានសក្តានុពលអាចបង្កឱ្យមានរលកយក្សស៊ូណាមិនោះទេ ។
លោក Amir Ahmari ប្រធានផ្នែកសង្គ្រោះបន្ទាន់ និងដឹកជញ្ជូននៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ស្រុក បានលើកឡើងថា ប៉ុន្តែអ្នកស្រុកជាង២.០០០នាក់នៅក្នុងស្រុក ភ្លាមៗបានរត់ទៅទីទួលខ្ពស់ដោសារមានការភ័យខ្លាច ពីរលកយក្សស៊ូណាមិ ។
គាត់បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួ តាមទូរស័ព្ទថា “ស្ត្រីម្នាក់បានរងរបួស ខណៈដែលនាងត្រូវបាន វាយដោយឈើរលំ ខណៈដែលកំពុងរត់គេចពីការរញ្ជួយដី ។ ស្នាមប្រេះត្រូវបានរកឃើញនៅក្នុងអគារសិក្សាចំនួន២នៅទីនេះ” ។
ប្រធានអង្គភាពប្រតិបត្តិការ នៃខេត្តស៊ូម៉ាត្រាខាងលិច លោក Jumaidi បានប្រាប់ដល់ស៊ិនហួ ថា ជំនួយ រួមទាំងភស្តុភារ និងផ្នែកផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះដោយរញ្ជួយដី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា