ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ UN ចុះពិនិត្យមើលតំបន់ រងការបំផ្លិចបំផ្លាញដោយគ្រោះទឹកជំនន់ នៅប៉ាគីស្ថាន

អ៊ីស្លាម៉ាបាដ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ លោក Antonio Guterres បានទៅទស្សនាតំបន់ជាច្រើននៃប្រទេសប៉ាគីស្ថាន ដែលរងការបំផ្លិចបំផ្លាញ ដោយគ្រោះទឹកជំនន់ ខណៈដែលលោកបានបញ្ចប់ ការធ្វើដំណើររយៈពេល២ថ្ងៃ ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងអំពីគ្រោះមហន្តរាយនេះ ។

ភ្លៀងធ្លាក់ខ្យល់មូសុង និងផ្ទាំងទឹកកករលាយ នៅតំបន់ភ្នំភាគខាងជើង បានបង្កជាគ្រោះទឹកជំនន់ ដែលបានសម្លាប់មនុស្សជាង១.៣៩១នាក់ ដោយបំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ ផ្លូវរថភ្លើង ស្ពាន និងសត្វចិញ្ចឹម ។

តំបន់ដ៏ធំនៃប្រទេសនេះ ត្រូវបានជន់លិច ហើយមនុស្សរាប់សែននាក់ត្រូវបានបង្ខំ ឱ្យចាកចេញពីផ្ទះរបស់ពួកគេ ។ រដ្ឋាភិបាលលើកឡើងថា ជីវិតមនុស្សជិត៣៣លាននាក់ត្រូវបានបង្កឲ្យមានផលប៉ះពាល់ ។ ប្រទេសប៉ាគីស្ថានប៉ាន់ប្រមាណថា ការខូចខាតគិតជាទឹកប្រាក់មានចំនួន៣០ពាន់លានដុល្លារ ហើយទាំងរដ្ឋាភិបាល និងលោក Guterres បានសង្កត់ធ្ងន់ទៅលើគ្រោះទឹកជំនន់នេះទៅលើការប្រែប្រួលអាកាសធាតុ ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចុះចតនៅខេត្ត Sindh មុនពេលហោះហើរលើតំបន់ ដែលរងផលប៉ះពាល់ខ្លាំងបំផុត មួយចំនួនដែលកំពុងធ្វើដំណើរទៅកាន់ Balochistan ដែលជាខេត្តដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរមួយផ្សេងទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top