ព័ត៌មានអន្តរជាតិ

មនុស្សចំនួន៥នាក់ បញ្ជាក់ថាស្លាប់ បន្ទាប់ពីទូករបស់ពួកគេ បុកជាមួយនឹងបាឡែន នៅកោះមួយ នៃប្រទេសណូវែលសេឡង់

វែលលីងតុន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ថា មនុស្សចំនួន៥នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីទូក១គ្រឿងបានក្រឡាប់ នៅក្នុងដែនទឹកនៃកោះ South Island របស់ប្រទេសណូវែលសេឡង់ កាលពីថ្ងៃសៅរ៍ ជាមួយនឹង “ការចង្អុលបង្ហាញ” ថា ទូកបានក្រឡាប់បន្ទាប់ពីបានបុកជាមួយត្រីបាឡែន ។

យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា ទូកដែលមានមនុស្ស១១នាក់នៅលើនោះ ភាគច្រើនមកពីក្រុមមើលសត្វស្លាប បានក្រឡាប់ នៅក្នុងទឹកភ្លាមៗ បន្ទាប់ពីម៉ោង១០ព្រឹកនៅឯ Goose Bay ប្រហែល១៥គីឡូម៉ែត្រ ភាគខាងត្បូងនៃ Kaikoura ។

ប្រតិបត្តិការជួយសង្គ្រោះ ដែលមានរយៈពេលជិត៧ម៉ោង បានបញ្ចប់ នៅគ្រាដែលក្រុមអ្នកមុជទឹក របស់ប៉ូលិសបានរកឃើញ សាកសព៥នាក់ ពីខាងក្នុងទូកនោះ ។

មនុស្សចំនួន៦នាក់ត្រូវបានគេជួយសង្គ្រោះដោយរងរបួសស្រាល ។

សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា អ្នកបើកបរទូកបានរួចជីវិត ។

នៅមុននេះ រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីអ្នកនៅរស់រានមានជីវិត គ្រវីដៃសុំជំនួយនៅលើទូកដែលក្រឡាប់៨,៥ម៉ែត្រ ដែលប៉ូលិសបញ្ជាក់ថា ជាកម្មសិទ្ធិរបស់អាជីវកម្មធម្មនុញ្ញក្នុងស្រុក ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top