យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Yair Lapid បានទៅដល់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ ក្នុងកិច្ចខិតខំប្រឹងប្រែង ចុងក្រោយរបស់លោក ក្នុងការបញ្ចុះបញ្ចូលមហាអំណាច លោកខាងលិច កុំឱ្យស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។
ដំណើរទស្សនកិច្ចរបស់លោកធ្វើឡើង ខណៈដែលមន្ត្រីអ៊ីស្រាអែល បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសនេះ មិនរំពឹងថា នឹងមានការបន្តកិច្ចព្រមព្រៀង ជាមួយមហាអំណាចពិភពលោក មុនការបោះឆ្នោតពាក់កណ្តាល អាណត្តិរបស់សហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកានោះទេ ។
អ៊ីស្រាអែល បានប្រឆាំងជាយូរមកហើយ ចំពោះការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលពេលនោះប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានដកខ្លួនជាឯកតោភាគីក្នុងឆ្នាំ២០១៨ និងដាក់ទណ្ឌកម្មឡើងវិញ លើប្រទេសអ៊ីរ៉ង់ ។
ប្រទេសអាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេសកាលពីថ្ងៃសៅរ៍ បានលើកឡើង “ការសង្ស័យយ៉ាងធ្ងន់ធ្ងរ ” អំពីភាពស្មោះត្រង់របស់អ៊ីរ៉ង់ ក្នុងការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀង ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA)។
លោក Lapid បានថ្លែងអំណរគុណដល់ប្រទេសទាំងបីសម្រាប់ “ជំហរដ៏រឹងមាំ” ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយគណៈរដ្ឋមន្ត្រីរបស់លោក មុនពេលហោះហើរទៅកាន់ទីក្រុងប៊ែរឡាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
បណ្តាប្រទេសនៅអឺរ៉ុបបានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ “បានជ្រើសរើសមិនចាប់យកឱកាសការទូតដ៏សំខាន់នេះ” ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ផ្ទុយទៅវិញ អ៊ីរ៉ង់នៅតែបន្តបង្កើនកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន លើសពីហេតុផលស៊ីវិលដែលអាចជឿជាក់បាន”។
ជាការឆ្លើយតប ក្រសួង ការ បរទេស អ៊ីរ៉ង់ បាន រិះគន់ ការ អត្ថាធិប្បាយ ទាំង នោះ ថា មិន មាន ការ ស្ថាបនា។ លោក Lapid បានបន្ថែមថា “អ៊ីស្រាអែល កំពុងធ្វើយុទ្ធនាការការទូតប្រកបដោយជោគជ័យ ដើម្បីបញ្ឈប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងទប់ស្កាត់ការដកទណ្ឌកម្មលើអ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា