ហ្សាការតា ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ថា ទីភ្នាក់ងារកាត់បន្ថយគ្រោះ មហន្តរាយ របស់ប្រទេស ហៅកាត់ថា BNPB បានឲ្យដឹងថា ពលរដ្ឋប្រមាណ២០០នាក់ បានជម្លៀសទៅកាន់ទីទួលខ្ពស់ បន្ទាប់ពីការរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ បានវាយប្រហារលើកោះនានា នៅភាគខាងលិច នៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យខូចខាតទ្រព្យ សម្បត្តិមួយចំនួន ។
អាជ្ញាធរបានឲ្យដឹងថា ការរញ្ជួយដីនៅកោះ Mentawai ភាគខាងលិចនៃកោះស៊ូម៉ាត្រា បានវាយប្រហារក្នុងជម្រៅ២៧ គីឡូម៉ែត្រ ហើយត្រូវបានបន្តកើតឡើង ដោយកម្រិត៥,៣រ៉ិចទ័រ នៅក្នុងតំបន់ដូចគ្នានេះ ។
គួរបញ្ជាក់ថា មិនមានគ្រោះថ្នាក់ នៃរលកយក្សស៊ូណាមិ កើតឡើងនោះទេ ។
ទីភ្នាក់ងារគ្រោះមហន្តរាយបានបញ្ជាក់ថា មនុស្សម្នាក់បានរងរបួសក្បាល ដោយសារឈើធ្លាក់សង្កត់ពីលើ ហើយសាលារៀន និងមណ្ឌលសុខភាពមួយកន្លែង បានរងការខូចខាតបន្តិចបន្តួច ។
អ្នកស្រុក Mentawai Nurjuli Hasanah បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters ថា គ្រោះរញ្ជួយដីមានកម្លាំងខ្លាំង ហើយបានអង្រួនផ្ទះឈើរបស់គាត់។
អ្នកស្រីបាននិយាយថា “អ្នកស្រុកមួយចំនួនកំពុងស្ថិតក្នុងជម្រកជម្លៀសខ្លួន ហើយអ្នកខ្លះបានត្រឡប់ទៅផ្ទះវិញហើយដែរ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា