តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់ លោក Nassar Kanaani បានឲ្យដឹងថា សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ ឡើងវិញ ត្រូវតែបង្ហាញថាវាគួរឱ្យទុកចិត្ត និងបង្ហាញថា ខ្លួនគោរពតាម បទដ្ឋានអន្តរជាតិ។
លោក Nassar Kanaani បានប្រាប់អ្នកយកព័ត៌មាន ក្នុងអំឡុងពេល សន្និសីទកាសែតប្រចាំសប្តាហ៍ របស់លោកថា “ប្រទេសដែលបានដកខ្លួន ជាឯកតោភាគី ពីកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៥ បានរារាំងការសម្រេចបាន នូវកិច្ចព្រមព្រៀង ដោយផ្អែកលើផលប្រយោជន៍រួម និងបានដាក់ទណ្ឌកម្មខុសច្បាប់ ឯកតោភាគី និងមិនសមហេតុផល លើអ៊ីរ៉ង់ ហើយគ្មានសិទ្ធិធ្វើជាអ្នកទាមទារនោះទេ”។
លោក បាន កត់ សម្គាល់ ថា “រដ្ឋាភិបាល សហរដ្ឋ អាមេរិក ត្រូវ ចាត់ វិធាន ការ ស្ថាបនា ដើម្បី ឈាន ដល់ កិច្ច ព្រម ព្រៀង មួយ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងការឆ្លើយតប នាពេលថ្មីៗនេះចំពោះសំណើ របស់អឺរ៉ុប ស្តីពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) អ៊ីរ៉ង់មិនបានលើកឡើងពី បញ្ហាថ្មីណាមួយ ឬ “ការទាមទារធ្ងន់ធ្ងរណាមួយ” ដែលនឹងរារាំងដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងដែលអាចកើតមាននោះទេ។ លោក Kanaani បានបន្ដថា ដោយហៅសម្ពាធ របស់ភាគីលោកខាងលិច បន្ទាប់ពីការឆ្លើយតបរបស់អ៊ីរ៉ង់ថាជា “សង្រ្គាមផ្លូវចិត្ត”។
លោក Kanaani បានបន្ថែមថា សេចក្តីថ្លែងការណ៍ថ្មីៗនេះ របស់សហភាពអឺរ៉ុប របស់បារាំង អាល្លឺម៉ង់ និងអង់គ្លេស អំពីការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើនុយក្លេអ៊ែររបស់សហភាពអឺរ៉ុប គឺ “ខុស” និង “មិនទាន់ពេលវេលា” ។
កាលពីថ្ងៃសៅរ៍ ប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា អ៊ីរ៉ង់បានជ្រើសរើសមិនចាប់យកឱកាសការទូតដ៏សំខាន់នេះ” ដែលផ្តល់ឱ្យដោយ “សំណុំអត្ថបទចុងក្រោយ” ដែលបានដាក់ជូន ដោយសហភាពអឺរ៉ុបនាពេលថ្មីៗនេះ ដើម្បីជួយសង្គ្រោះ JCPOA ដោយសម្តែងនូវ “ការសង្ស័យដ៏ធ្ងន់ធ្ងររបស់ពួកគេ ចំពោះចេតនា និងការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ចំពោះលទ្ធផលជោគជ័យលើ JCPOA”៕
ប្រែសម្រួល ឈូក បូរ៉ា