តូក្យូ៖ អ្នកវិភាគបានឲ្យដឹងថា ខណៈពេលដែលប្រទេសជប៉ុន និងសហរដ្ឋអាមេរិកថ្មីៗនេះបានយល់ព្រម សម្របសម្រួល ក្នុងការកសាងសណ្តាប់ធ្នាប់ សេដ្ឋកិច្ច ផ្អែកលើច្បាប់ថ្មី នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹង ការកើនឡើង នៃឥទ្ធិពលរបស់ប្រទេសចិន ថាតើក្របខ័ណ្ឌនេះអាចរីកចម្រើន និងនៅតែមានប្រសិទ្ធភាព អាស្រ័យទៅលើសមាជិករបស់ខ្លួនទទួលបានអត្ថប្រយោជន៍ជាក់ស្តែង។
ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងមានឥទ្ធិពលយ៉ាងសំខាន់ទៅលើតំបន់ ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈដែលវានឹងបង្កើតសហរដ្ឋអាមេរិកឡើងវិញជាមេដឹកនាំសេដ្ឋកិច្ច និងភូមិសាស្ត្របន្ទាប់ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូអន្តរប៉ាស៊ីហ្វិកក្រោមអតីត លោកប្រធានាធិបតី ដូណាល់ ត្រាំ ។
លោក Brian Peck នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលច្បាប់ និងធុរកិច្ចឆ្លងប្រទេសនៅសាកលវិទ្យាល័យ Southern California ក្នុងទីក្រុង Los Angeles បានប្រាប់កាសែតក្យូដូឲ្យដឹងថា “វាអាចជាយន្តការ ឬវេទិកាដ៏មានប្រសិទ្ធភាពមួយ ដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន ទាំងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់” ។
លោក Peck បានបន្ដថា “ប្រទេសជប៉ុន បានប្តេជ្ញាចិត្តរួចហើយ ចំពោះស្តង់ដារកម្រិតខ្ពស់សម្រាប់ពាណិជ្ជកម្មឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិក ដូច្នេះវាអាចក្លាយជាអ្នកដឹកនាំ និងជាឧទាហរណ៍នៃអ្វីដែលអាចសម្រេចបាន (សម្រាប់សមាជិកប្រទេសកំពុងរីកចម្រើន)” ដោយបន្ថែមថា ប្រទេសជប៉ុនអាចដឹកនាំជាមួយសហរដ្ឋអាមេរិក ដោយសារតែទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន និងបច្ចេកវិទ្យាទំនើប។
ទីក្រុងប៉េកាំង កំពុងបង្កើនវត្តមានសេដ្ឋកិច្ចរបស់ខ្លួននៅទូទាំងតំបន់ក្នុងនាមជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ហើយឥទ្ធិពលរបស់វាអាចកើនឡើងបន្ថែមទៀត ប្រសិនបើវាត្រូវបានផ្តល់សមាជិកភាពដល់កិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។
ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកមិនមែនជាសមាជិកនៃ CPTPP ឬ RCEP នោះទេ ហើយមានសំឡេងក្នុងចំណោមសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលជំរុញឱ្យក្រុងវ៉ាស៊ីនតោន ធ្វើសមាហរណកម្ម សេដ្ឋកិច្ចឡើងវិញ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយសារការព្រួយបារម្ភអំពីការបង្ខិតបង្ខំសេដ្ឋកិច្ចរបស់ចិន៕
ប្រែសម្រួល ឈូក បូរ៉ា