បរទេស៖ ប៉ាគីស្ថាន កំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ បន្ទាប់ពីទឹកជំនន់ដ៏សាហាវបានបន្សល់ទុកខ្សែក្រវ៉ាត់កសិកម្មរបស់ប្រទេសក្រីក្រមួយនេះ ឲ្យស្ថិតនៅក្រោមទឹក នាយករដ្ឋមន្ត្រីបានប្រាប់ប្រធានាធិបតីតួកគីតាមទូរស័ព្ទ ខណៈដែលអាជ្ញាធរបានបង្កើនកិច្ចខិតខំប្រឹងប្រែងកាលពីថ្ងៃចន្ទ ដើម្បីផ្តល់ជំនួយ។
លោក Shahbaz Sharif បានថ្លែងទៅកាន់ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ពេញមួយយប់ដើម្បីថ្លែងអំណរគុណប្រទេសតួកគី សម្រាប់ការបញ្ជូនអាហារ តង់ និងថ្នាំពេទ្យដោយយន្តហោះយោធាចំនួន ១២ គ្រឿង រថភ្លើងចំនួន ៤ គ្រឿង និងរថយន្តដឹកទំនិញអឌ្ឍចន្ទក្រហមតួកគី។
គណៈកម្មាធិការជួយសង្គ្រោះអន្តរជាតិបានប៉ាន់ប្រមាណថា ទឹកជំនន់បានបំផ្លាញដំណាំប្រមាណ ១,៥ លានហិកតាក្នុងប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឲ្យដឹងថា លោក Sharif បានប្រាប់លោក Erdogan អំពីសកម្មភាពសង្គ្រោះរបស់រដ្ឋាភិបាល ហើយបានស្វែងរកជំនួយពីប្រទេសតួកគីក្នុងការយកឈ្នះលើ “កង្វះស្បៀងអាហារ” ។ លោកនាយករដ្ឋមន្ត្រីក៏បានស្វែងរកជំនួយពីប្រទេសតួកគីលើការងារកសាងឡើងវិញនៅតំបន់ដែលរងគ្រោះដោយទឹកជំនន់ផងដែរ។
នៅក្នុងនោះដែរ មនុស្សជាង ៦៦ម៉ឺននាក់កំពុងរស់នៅក្នុងជំរុំសង្គ្រោះ និងនៅក្នុងផ្ទះបណ្តោះអាសន្ន បន្ទាប់ពីទឹកជំនន់បានបំផ្លាញផ្ទះរបស់ពួកគេ និងបង្ខំឱ្យពួកគេផ្លាស់ទីទៅកន្លែងមានសុវត្ថិភាព។
គួរបញ្ជាក់ថា ប៉ាគីស្ថាន ពឹងផ្អែកយ៉ាងខ្លាំងលើវិស័យកសិកម្មរបស់ខ្លួន ហើយជួនកាលនាំចេញស្រូវសាលីអតិរេករបស់ខ្លួនទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសដទៃទៀត។ ឥឡូវនេះប្រទេសនេះ កំពុងស្ថិតក្នុងការពិភាក្សាដើម្បីនាំចូលស្រូវសាលី និងបន្លែដែលត្រូវការយ៉ាងធ្ងន់ធ្ងរ៕ ប្រែសម្រួល ឈូក បូរ៉ា