អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ថា អ៊ុយក្រែន បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនមានគោលបំណង រំដោះទឹកដី របស់ខ្លួនទាំងអស់ បន្ទាប់ពីបានរុញច្រាន កងកម្លាំងរុស្ស៊ី នៅភាគឦសាននៃប្រទេស ក្នុងការវាយលុកដ៏ឆាប់រហ័សមួយ ប៉ុន្តែបានអំពាវនាវ ឱ្យលោកខាងលិច ពន្លឿនការដឹកជញ្ជូនប្រព័ន្ធសព្វាវុធ ដើម្បីគាំទ្រការឈានទៅមុខ ។
ចាប់តាំងពីទីក្រុងម៉ូស្គូ បានបោះបង់ចោលបន្ទាយសំខាន់ របស់ខ្លួន នៅភាគឦសានប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ដែលជាការបរាជ័យដ៏អាក្រក់បំផុត របស់ខ្លួនចាប់តាំងពីដើមដំបូង នៃសង្គ្រាមមក ហើយកងទ័ពអ៊ុយក្រែន បានដណ្តើមយកទីក្រុងជាច្រើនឡើងវិញ ក្នុងការផ្លាស់ប្តូរ ដ៏គួរឱ្យភ្ញាក់ផ្អើលពីសន្ទុះ នៅសមរភូមិមុខ ។
លោកស្រី Hanna Malyar អនុរដ្ឋមន្ត្រីការពារជាតិ បានប្រាប់ដល់ទីភ្នាក់ងារ Reuters នៅថ្ងៃអង្គារនេះថា ការប្រយុទ្ធនៅតែបន្តកើតមាននៅក្នុងតំបន់ Kharkiv ភាគឦសាន ។ លោកស្រីអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រាប់ទីភ្នាក់ងារដោយលើកឡើងថា កងកម្លាំងរបស់អ៊ុយក្រែន កំពុងដំណើរការល្អ ពីព្រោះពួកគេមានការលើកទឹកចិត្តខ្ពស់ ហើយប្រតិបត្តិការរបស់ពួកគេត្រូវបានគ្រោងទុកយ៉ាងល្អ ។
លោកស្រីបានថ្លែងនៅលើផ្លូវទៅកាន់ក្រុង Balakliia ដែលជាមជ្ឈមណ្ឌលផ្គត់ផ្គង់យោធាដ៏សំខាន់ដែលដណ្តើមបានមកវិញដោយកងកម្លាំងអ៊ុយក្រែន កាលពីចុងសប្តាហ៍មុន ដែលស្ថិតនៅចម្ងាយ៧៤គីឡូម៉ែត្រ ភាគអាគ្នេយ៍ នៃទីក្រុង Kharkiv របស់ប្រទេសអ៊ុយក្រែន ថា “គោលបំណង គឺដើម្បីរំដោះតំបន់ Kharkiv និងលើសពី ហើយទឹកដីទាំងអស់ដែលកាន់កាប់ដោយសហព័ន្ធរុស្ស៊ី” និងទីក្រុងធំទី២ ។
នៅក្នុងសុន្ទរកថាវីដេអូមួយកាលពីល្ងាចថ្ងៃចន្ទ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា លោកខាងលិចត្រូវតែបង្កើនល្បឿន នៃការចែកចាយប្រព័ន្ធសព្វាវុធ ដោយអំពាវនាវឱ្យ សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន “ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីកម្ចាត់ភេរវកម្មរុស្ស៊ី” ៕
ដោយ៖ ម៉ៅ បុប្ផាមករា