កូឡុំបូ ៖ អ្នកនាំពាក្យខុទ្ទកាល័យលោក Ramesh Pathirana បានឲ្យដឹងថា ខុទ្ទកាល័យរដ្ឋមន្ត្រី របស់ប្រទេសស្រីលង្កា បានអនុម័តការបង្កើត អនុគណៈកម្មាធិការគណៈរដ្ឋមន្ត្រី ស្តីពីការរស់ឡើងវិញ នៃសេដ្ឋកិច្ច ដែលកំពុងដួលរលំ របស់ខ្លួនទៅហើយនោះ។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងកូឡុំបូ លោកបានលើកឡើងថា អនុគណៈកម្មាធិការ នឹងត្រូវបានផ្តល់សិទ្ធិអំណាច ក្នុងការធ្វើការសម្រេចចិត្តយ៉ាង ឆាប់រហ័ស ដើម្បីស្តារសេដ្ឋកិច្ច របស់ប្រទេសឡើងវិញ ។
លោក រដ្ឋមន្ត្រីបានបន្ដថា ភ្នាក់ងារមួយចំនួនកំពុងធ្វើការ លើទិដ្ឋភាពផ្សេងៗនៃការស្តារសេដ្ឋកិច្ច ហើយអនុគណៈកម្មាធិការអាចត្រួតពិនិត្យពួកគេ និងផ្តល់ការណែនាំជាយុទ្ធសាស្ត្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe នឹងធ្វើជាប្រធាន អនុគណៈកម្មាធិការ ហើយរដ្ឋមន្ត្រីចំនួន ៥រូបផ្សេងទៀត រួមទាំងនាយករដ្ឋមន្ត្រីលោក Dinesh Gunawardena នឹងជាសមាជិក នៃអនុគណៈកម្មាធិការ។
លោក Pathirana បានបន្ថែមថា សមាជិកអនុគណៈកម្មាធិការក៏នឹងពិនិត្យ មើលដំណើរការជ្រើសរើសសាធារណៈ និងចាត់វិធានការ ដើម្បីបំពេញមុខតំណែងទំនេរផងដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា