បរទេស៖ ខណៈពេលដែលលោកខ្លួនឯងសារទរ ចំពោះការរុលទៅមុខ ដែលបានរាយការណ៍ ដោយយោធាអ៊ុយក្រែន នៅក្នុងតំបន់ Kharkov នោះ អ្នកនាំពាក្យសន្តិសុខជាតិ សេតវិមាន លោក John Kirby កាលពីថ្ងៃអង្គារ បានជំរុញអ្នកសារព័ត៌មាន កុំឱ្យបោះបង់ការតាមដាន ពីសក្តានុពលយោធា របស់រុស្ស៊ី ឱ្យសោះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Kirby បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីរសៀលថ្ងៃអង្គារថា “ពួកគេច្បាស់ណាស់ថា នៅតែមានយោធាដែលមានសមត្ថភាពធ្វើឱ្យមានការខូចខាត និងរបួសជាច្រើន” ។ ចំពោះបញ្ហាទាំងអស់ដែលរុស្សីអាចប្រឈមមុខ ក្នុងប្រទេសអ៊ុយក្រែន យោធារបស់ពួកគេនៅតែធំ និងមានឥទ្ធិពលខ្លាំង ហើយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន «នៅតែមានសមត្ថភាពយោធាដ៏ច្រើន សន្ធឹកសន្ធាប់ ដែលនៅសេសសល់ ក្នុងការគ្រប់គ្រងរបស់លោក មិនត្រឹមតែត្រូវប្រើនៅអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែមានសក្តានុពលនៅកន្លែងផ្សេង។
កងកម្លាំងអ៊ុយក្រែនបានចល័តចូល ទៅក្នុងតំបន់ភាគខាងជើង និងភាគខាងកើតនៃទីក្រុង Kharkov កាលពីសប្តាហ៍មុន ដោយប្រធានាធិបតី អ៊ុយក្រែន Vladimir Zelensky បានទាមទារយកផ្ទៃដីចំនួន ២ ០០០ គីឡូម៉ែត្រក្រឡា។ ទីក្រុង ម៉ូស្គូ បាន អះអាង ថា ទាហាន រុស្ស៊ី ដែល ធ្លាប់ កាន់កាប់ ទីក្រុង សំខាន់ ជា យុទ្ធសាស្ត្រ Izyum ត្រូវ បាន ដាក់ ពង្រាយ ឡើងវិញ។
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន Olga Stefanishyna បានប្រាប់ France 24 កាលពីថ្ងៃអង្គារថា ប្រតិបត្តិការ Kharkov គឺជា “ចំណុចរបត់មួយ” មិនត្រឹមតែនៃការប្រយុទ្ធគ្នា ចាប់តាំងពីខែកុម្ភៈប៉ុណ្ណោះទេ ប៉ុន្តែជា “សង្រ្គាមដែលបានចាប់ផ្តើម នៅនិទាឃរដូវនៃឆ្នាំ ២០១៤” ដោយសំដៅទៅលើកិច្ចខិតខំប្រឹងប្រែង របស់ទីក្រុង Kiev ដើម្បីបង្ក្រាបឯករាជ្យភាព នៃសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk បន្ទាប់ពីរដ្ឋប្រហារគាំទ្រ ដោយសហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា