វ៉ាស៊ីនតោន ៖ គណៈកម្មាធិការព្រឹទ្ធសភាកាលពីថ្ងៃពុធ បានអនុម័តច្បាប់មួយ ក្នុងគោលបំណងពង្រឹងការគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះតៃវ៉ាន់ រួមទាំងតាមរយៈជំនួយ សន្តិសុខរាប់ពាន់លានដុល្លារ ចំពេលមានសម្ពាធកាន់តែខ្លាំងឡើងរបស់ចិន លើកោះដែលគ្រប់គ្រង ដោយខ្លួនឯងមួយនេះ។
រដ្ឋបាលសហរដ្ឋអាមេរិក របស់ប្រធានាធិបតីលោក ចូ បៃដិន បានឲ្យដឹងថា ខ្លួនស្វាគមន៍ចំពោះការគាំទ្រទ្វេភាគីសម្រាប់តៃវ៉ាន់ ហើយថាខ្លួនចង់ធ្វើការ ជាមួយសភា ដើម្បីពង្រឹងវាបន្ថែមទៀត ប៉ុន្តែបានប្រតិកម្ម ដោយប្រយ័ត្នប្រយែង ចំពោះច្បាប់នេះ ដែលប្រាកដថា នឹងធ្វើឲ្យចិនខឹងខ្លាំង ប្រសិនបើ វា ក្លាយជាច្បាប់ មែននោះ ។
អ្នកនាំពាក្យសេតវិមាន Karine Jean-Pierre បានប្រាប់អ្នកយកព័ត៌មានមុនការអនុម័តច្បាប់នេះ តាមរយៈគណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាថា “វានឹងឆ្លងកាត់ដំណើរការជាច្រើន មុនពេលវាឈានដល់ទីបញ្ចប់។ ដូច្នេះយើងនឹងអនុញ្ញាតឱ្យវាឆ្លងកាត់” ។ លោកស្រី មិន បាន ឆ្លើយ តប នឹង សំណួរ ដែលស្វែងរកការបញ្ជាក់ថា តើ លោក បៃដិន ផ្ទាល់គាំទ្រច្បាប់ នេះ ឬ អត់នោះទេ។
ទីក្រុងប៉េកាំង ចាត់ទុកកោះតៃវ៉ាន់ជាខេត្តដែលប្រែក្លាយ ដែលកំពុងរង់ចាំការបង្រួបបង្រួមជាមួយដីគោកឡើងវិញ ប្រសិនបើចាំបាច់។ ចិនបាន បញ្ចេញ សំឡេងប្រឆាំង នឹងសកម្មភាពណា ដែលខ្លួនចាត់ទុកថា ជាការជ្រៀតជ្រែក ក្នុង “កិច្ចការ ផ្ទៃក្នុង របស់ចិន”។
សមាជិកព្រឹទ្ធសភា លោក Robert Menendez ដែលជាប្រធានគណៈកម្មាធិការបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ច្បាប់គោលនយោបាយ តៃវ៉ាន់ នឹងបែងចែកជំនួយសន្តិសុខចំនួន ៤,៥ ពាន់លានដុល្លារ ដល់តៃវ៉ាន់ ក្នុងរយៈពេល ៤ឆ្នាំ និងបង្កើតរបបទណ្ឌកម្ម សេដ្ឋកិច្ចយ៉ាងទូលំទូលាយ លើប្រទេសចិន ជុំវិញសកម្មភាពអរិភាព ប្រឆាំងនឹងកោះនេះ ។
សមាជិកសភាបក្សប្រជាធិបតេយ្យបានសង្កត់ធ្ងន់ថា ចំណុចសំខាន់នៃច្បាប់នេះគឺ “ការរារាំង និងការពង្រឹងសមត្ថភាព របស់តៃវ៉ាន់” ហើយវាច្បាស់ណាស់ថាសហរដ្ឋអាមេរិក “មិនស្វែងរកសង្រ្គាម ឬបង្កើនភាពតានតឹង ជាមួយទីក្រុងប៉េកាំងនោះឡើយ” ។
នៅពេលដែលច្បាប់នេះ ត្រូវបានណែនាំនៅក្នុងខែមិថុនា លោក Menendez បានហៅវាថាជា “ការរៀបចំរចនាសម្ព័ន្ធឡើងវិញដ៏ទូលំទូលាយបំផុត” នៃគោលនយោបាយ របស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ ចាប់តាំងពីច្បាប់ទំនាក់ទំនងតៃវ៉ាន់ឆ្នាំ១៩៧៩៕
ប្រែសម្រួល ឈូក បូរ៉ា