ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង៖ កូរ៉េខាងជើង គ្មានជម្រើសអ្វីក្រៅតែពីកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរ 

សេអ៊ូល៖ បេសកជនកំពូលរបស់កូរ៉េខាងត្បូងប្រចាំនៅសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ប្រទេសកូរ៉េខាងជើងក្នុងការវិលត្រឡប់ទៅរកការចរចារំសាយអាវុធនុយក្លេអ៊ែរវិញ ដោយលើកឡើងថា ខ្លួនមិនមានជម្រើសផ្សេងទៀតនៅពេលនិយាយអំពីកិច្ចសន្ទនានោះទេ។

លោកឯកអគ្គរដ្ឋទូត Cho Tae-yong បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន Yonhap កាលពីថ្ងៃពុធថា “ឥឡូវនេះ ប្រទេសកូរ៉េខាងជើង មានរឿងមួយដែលត្រូវធ្វើ ក្រុងព្យុងយ៉ាងគួរតែមកកិច្ចពិភាក្សាសម្រាប់ការលុបបំបាត់នុយក្លេអ៊ែរ” ។

លោកបានជំរុញឱ្យរបបលោក គីម ជុងអ៊ុន យល់ព្រមលើគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរ និងបន្តការចរចា ខណៈដែលទុកទ្វារបើកចំហ សម្រាប់ការពិគ្រោះយោបល់ដោយគ្មានលក្ខខណ្ឌលើបញ្ហាមនុស្សធម៌ ដើម្បីជួយប្រជាជនកូរ៉េខាងជើងដែលត្រូវការជំនួយជាបន្ទាន់។

កាលពីសប្តាហ៍មុន សភាត្រាកៅស៊ូរបស់កូរ៉េខាងជើង បានអនុម័តច្បាប់ដែលអនុញ្ញាតឱ្យមានការវាយប្រហារនុយក្លេអ៊ែរជាមុនក្នុងករណីមានការគំរាមកំហែងសន្តិសុខរបបនេះ ដែលធ្វើឱ្យប៉ះពាល់ដល់ការរំពឹងទុករបស់ទីក្រុងព្យុងយ៉ាងក្នុងការចាត់វិធានការ ដើម្បីបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

រដ្ឋផ្តាច់ការមួយនេះក៏បានបញ្ចប់ “ការត្រៀមលក្ខណៈបច្ចេកទេស” ដោយនៅសល់តែ “ការសម្រេចចិត្តនយោបាយ” សម្រាប់ការសាកល្បងនុយក្លេអ៊ែរ នេះបើយោងតាមប្រេសិតកូរ៉េខាងត្បូង។

អ្នកឃ្លាំមើលកូរ៉េខាងជើង យកចិត្តទុកដាក់លើកាលវិភាគសំខាន់ៗនាពេលខាងមុខ រួមទាំងខួបលើកទី័៧ នៃការបង្កើតគណបក្សពលករនៅថ្ងៃទី១០ ខែតុលា សមាជជាតិនៃបក្សកុម្មុយនិស្តចិន (CCP) នឹងបើកនៅថ្ងៃទី១៦ ខែតុលា និងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកថ្ងៃទី០៨ ខែវិច្ឆិកា។

លោក Cho បានជំរុញឱ្យទីក្រុងព្យុងយ៉ាង មានការពិភាក្សាជាមួយទីក្រុងសេអ៊ូល អំពីគំនិតផ្តួចផ្តើមដ៏ក្លាហានរបស់រដ្ឋបាល Yoon Suk-yeol ដែលមានបំណងចាប់ផ្តើមការគាំទ្រសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនជាថ្នូរនឹងជំហានដំបូងឆ្ពោះទៅរកការលុបបំបាត់នុយក្លេអ៊ែរ ប៉ុន្ដែខាង​ជើង​បាន​បដិសេធ​ដោយ​ចំហ​ចំពោះ​ការ​ផ្តល់​ជូន​ដោយលោក Yoon៕

To Top