សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ថា ខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង បានបោកបក់មកលើឆ្នេរសមុទ្រភាគខាងកើត ដែលមានប្រជាជន រស់នៅយ៉ាងច្រើន របស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានព្យុះទីហ្វុង Muifa បានបង្ខំឲ្យពលរដ្ឋប្រមាណ១,៦លាននាក់ ឱ្យចាកចេញពីផ្ទះរបស់ពួកគេ និងបានបិទជើងហោះហើរភាគច្រើន នៅឯអាកាសយានដ្ឋានសំខាន់ៗ របស់ទីក្រុងសៀងហៃ ផងដែរ ។
ទូរទស្សន៍រដ្ឋ CCTV បានផ្សព្វផ្សាយថា ព្យុះ Muifa គឺជាព្យុះស៊ីក្លូនត្រូពិចខ្លាំងបំផុតដែលបានវាយប្រហារ ទីក្រុងសៀងហៃ ដែលមានផ្ទះរបស់ប្រជាជន ជាង២៥លាននាក់ ចាប់តាំងពីការរក្សាក្នុងកំណត់ត្រា បានចាប់ផ្តើម នៅឆ្នាំ១៩៤៩ ។
ទោះជាយ៉ាងណា មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗ អំពីការស្លាប់ឬរបួសណាមួយឡើយ ។
ព្យុះទីហ្វុង Muifa ត្រូវបានបន្ថយឥទ្ធិផល ប្រែទៅជាព្យុះត្រូពិចដ៏ខ្លាំងមួយ ដោយអ្នកព្យាករណ៍អាកាសធាតុ របស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា ប៉ុន្តែវានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗនៅទូទាំងខេត្តមួយចំនួន ខណៈដែលព្យុះរំកិលខ្លួនទៅភាគខាងជើងឆ្លងកាត់ខេត្តជាប់មាត់សមុទ្រដែលមានប្រជាជនរស់នៅទីនោះ ។
ទូរទស្សន៍ CCTV បានផ្សព្វផ្សាយទៀតថា យ៉ាងហោចណាស់ពលរដ្ឋ៤២៦.០០០នាក់ ត្រូវបានជម្លៀសចេញនៅក្នុងទីក្រុងសៀងហៃ ហើយពលរដ្ឋ១,២លាននាក់ ផ្សេងទៀត ត្រូវបានបញ្ជូនទៅជម្រកបណ្តោះអាសន្ននៅក្នុងខេត្ត Zhejiang ដែលនៅជិតខាង ។
ភ្លៀងធ្លាក់ខ្លាំងបាននាំឱ្យមានការកកស្ទះចរាចរណ៍ និងទឹកជំនន់នៅក្នុងតំបន់ជាច្រើននៃតំបន់ដីសណ្តទន្លេ Yangtze ដែលជាមជ្ឈមណ្ឌលផលិតកម្មពិភពលោកដ៏សំខាន់មួយ ៕