ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងក្នុងអំឡុងជំនួបជាមួយសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយប្រទេសរុស្ស៊ី ក្នុងការពង្រីកការគាំទ្រ ដ៏រឹងមាំដល់គ្នាទៅវិញទៅមក លើបញ្ហាទាក់ទងនឹងផល ប្រយោជន៍ស្នូលរៀងៗខ្លួន ។
លោក ស៊ី បានជួបជាមួយលោក ពូទីន ដើម្បីផ្លាស់ប្តូរទស្សនៈ ស្តីពីទំនាក់ទំនងចិន-រុស្ស៊ី និងបញ្ហាអន្តរជាតិ និងតំបន់ដែលមានចំណាប់ អារម្មណ៍រួមគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
ប្រមុខរដ្ឋចិនលោក ស៊ី ជីនពីង បានលើកឡើងថា ចាប់តាំងពីដើមឆ្នាំនេះមក ប្រទេសចិន និងរុស្ស៊ីបានរក្សា ទំនាក់ទំនងជាយុទ្ធសាស្ត្រ ប្រកបដោយប្រសិទ្ធភាព ។
លោកបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ បានឈានទៅមុខជាលំដាប់ ដោយសកម្មភាព នៃឆ្នាំនៃការផ្លាស់ប្តូរកីឡា កំពុងដំណើរការយ៉ាងល្អ និងសន្ទុះដ៏រឹងមាំ ក្នុងកិច្ចសហប្រតិបត្តិការ ថ្នាក់ក្រោមជាតិ និងការផ្លាស់ប្តូរប្រជាជនទៅប្រជាជន។
លោក បន្ដថា ប្រទេសទាំងពីរ បានរក្សាការសម្របសម្រួល យ៉ាងជិតស្និទ្ធនៅលើឆាកអន្តរជាតិ ដើម្បីរក្សាបាននូវបទដ្ឋាន ជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ។
លោក បន្ថែមថា នៅពេលប្រឈមមុខនឹងការផ្លាស់ប្តូរពិភពលោក នៃសម័យកាល និងប្រវត្តិសាស្ត្រ ប្រទេសចិន នឹងធ្វើការជាមួយរុស្ស៊ី ដើម្បីបំពេញការទទួលខុសត្រូវ របស់ពួកគេក្នុងនាមជាប្រទេសធំៗ និងដើរតួនាទីឈានមុខគេក្នុងការចាក់បញ្ចូល ស្ថិរភាពទៅក្នុងពិភពនៃការផ្លាស់ប្តូរ និងអស្ថិរភាព ៕
ប្រែសម្រួល ឈូក បូរ៉ា