វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានជំរុញប្រទេសចិន កុំឱ្យគាំទ្រសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ដោយលើកឡើងថា ពិភពលោកត្រូវតែរួបរួមគ្នា ដើម្បីប្រឆាំងនឹងការឈ្លានពាន របស់ទីក្រុងម៉ូស្គូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន The National។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បានប្រាប់សារព័ត៌មាន CNN ឲ្យដឹងថា “យើងមិនគិតថានរណាម្នាក់គួរតែនៅក្រៅផ្ទះនោះទេ ពិភពលោកទាំងមូល គួរតែតម្រង់ជួរប្រឆាំង នឹងអ្វីដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំពុងធ្វើ។ នេះមិនមែនជាពេល សម្រាប់អាជីវកម្មប្រភេទ ណាមួយដូចធម្មតា ជាមួយលោក ពូទីន នោះទេ”។
មុននេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជួបជាមួយលោក ពូទីន នៅក្រៅកិច្ចប្រជុំកំពូល របស់អង្គការសហប្រតិបត្តិការសៀងហៃ នៅប្រទេសយូបេគីស្ថាន។ វាគឺជាជំនួបផ្ទាល់លើកដំបូងរបស់មេដឹកនាំទាំងពីរ ចាប់តាំងពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ។
លោកពូទីន បានថ្លែងអំណរគុណ ចំពោះលោក ស៊ី សម្រាប់វិធីសាស្រ្ត “មានតុល្យភាព” របស់លោក ចំពោះវិបត្តិអ៊ុយក្រែន និងបានរិះគន់គោលនយោបាយ “អាក្រក់” របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងក្រោមបរាជ័យដ៏សំខាន់ សម្រាប់ទីក្រុងម៉ូស្គូ នៅលើសមរភូមិ។
លោកបានលើកឡើងថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពី “ការព្រួយបារម្ភ” ដែលមិនបានបញ្ជាក់របស់ប្រទេសចិន ចំពោះអ៊ុយក្រែន ដោយលើកឡើងថា លោកយល់ពីការព្រួយបារម្ភរបស់លោក ស៊ី បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានទទួលរងនូវការខាតបង់ដ៏ធំនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
គួរបញ្ជាក់ថា ប្រធានាធិបតី ចិន មិនបានលើកឡើងអំពី ប្រទេស អ៊ុយក្រែន ក្នុង សុន្ទរកថា សាធារណៈ របស់ លោកនោះទេ ហើយ ក៏ មិន បាន លើក ឡើង អំពីសង្គ្រាម ក្នុងរបាយការណ៍ របស់រដ្ឋាភិបាលចិន អំពី ជំនួប របស់ មេដឹកនាំ ដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
