ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បាញ់ផ្លោង ដាក់ទីក្រុង របស់រុស្ស៊ី បណ្តាលឱ្យស្លាប់ម្នាក់ និងដាច់ចរន្តអគ្គិសនី

បរទេស ៖ អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov បាននិយាយភ្លាមៗ នៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រថា ជាលទ្ធផល នៃការវាយប្រហារ ដោយកាំភ្លើងធំ របស់អ៊ុយក្រែន គឺមានជនស៊ីវិលម្នាក់ បានស្លាប់ និងពីរនាក់បានរងរបួសនៅក្នុងទីក្រុង Valuyki ។ គ្រាប់ផ្លោងដែលអាចឆ្លង កាត់ប្រព័ន្ធការពារដែន អាកាសរុស្ស៊ី បានបំផ្លាញយានជំនិះចំនួន ៣ គ្រឿង និងបានឆេះផ្ទះឯកជន ៨ ខ្នងថែមទៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Gladkov បាននិយាយនៅលើ Telegram ថា “ការការពារដែនអាកាស ដំណើរការ ប៉ុន្តែមានការខូចខាតនៅលើដី” ។ «ស្ថានីយអគ្គិសនី បានរងការខូចខាត ហើយការផ្គត់ផ្គង់អគ្គិសនី ដល់ក្រុងត្រូវបានរំខាន»។

លោក Gladkov បាននិយាយថា ព័ត៌មានបឋមបង្ហាញថា ជនស៊ីវិលម្នាក់ត្រូវបានសម្លាប់ ខណៈដែលជំនួយផ្នែកវេជ្ជសាស្រ្តត្រូវបានផ្តល់នៅកន្លែងកើតហេតុ ដល់មនុស្សពីរនាក់ទៀតដែលរងរបួស ។ លោក Gladkov បាននិយាយទៀតថា មន្ត្រីជាន់ខ្ពស់ក្នុងតំបន់ និងអាជ្ញាធរក្នុងតំបន់ នៅកន្លែងកើតហេតុ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនេះ។

អគារសំខាន់ៗ និងអគារសាធារណៈត្រូវបានប្តូរទៅប្រើម៉ាស៊ីនភ្លើងជំនួស រហូតទាល់តែអគ្គិសនីត្រូវបានស្តារឡើងវិញមុនម៉ោង 5 ព្រឹកថ្ងៃសុក្រ៕

ប្រែសម្រួលៈ ណៃ តុលា

To Top