ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ថា កុមារជាង១៤,៦ លាននាក់នៅសហរដ្ឋអាមេរិក បានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺកូវីដ-១៩ ចាប់តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាត ។ នេះបើយោងតាមរបាយការណ៍ ចុងក្រោយ ចេញដោយបណ្ឌិតសភា កុមារអាមេរិក ហៅកាត់ (AAP) និងអង្គការកុមារ និងសមាគមមន្ទីរពេទ្យ បានបង្ហាញដូច្នេះ ។
ជាង៣៤០.០០០ករណី ទាំងនេះ ត្រូវបានបន្ថែមក្នុងរយៈពេល៤សប្តាហ៍ ចុងក្រោយនេះ ។ យោងតាមរបាយការណ៍ បានឱ្យដឹងថា ៦,៧លានករណី ដែលត្រូវបានរាយការណ៍ ត្រូវបានបន្ថែមនៅឆ្នាំ២០២២ ។
សម្រាប់សប្តាហ៍ដែលបញ្ចប់ នៅថ្ងៃទី៨ ខែកញ្ញា ករណីកុមារប្រហែល៨៣.៣០០ករណីនៃជំងឺកូវីដ-១៩ ត្រូវបានរាយការណ៍ ប៉ុន្តែករណីដែលបានរាយការណ៍ទំនងជា “រាប់មិនអស់” នៃករណីកូវីដ-១៩ នេះបើយោង តាមរបាយការណ៍ ។
បណ្ឌិតសភា AAP បានឲ្យដឹងថា មានតម្រូវការបន្ទាន់ ក្នុងការប្រមូលទិន្នន័យជាក់លាក់ តាមអាយុបន្ថែមទៀត ដើម្បីវាយតម្លៃពីភាពធ្ងន់ធ្ងរ នៃជំងឺដែលទាក់ទងនឹង ការប្រែប្រួលថ្មី ក៏ដូចជា ផលប៉ះពាល់រយៈពេលវែង ដែលអាចកើតមាន ។
បើយោងតាម AAPបានឲ្យដឹងថា “វាជារឿងសំខាន់ ក្នុងការទទួលស្គាល់ថា មានផលប៉ះពាល់ភ្លាមៗនៃរោគរាតត្បាត លើសុខភាពកុមារ ប៉ុន្តែសំខាន់យើងត្រូវកំណត់ អត្តសញ្ញាណ និងដោះស្រាយ ផលប៉ះពាល់យូរអង្វែង លើសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត និងសង្គមរបស់កុមារ និងយុវជនជំនាន់នេះ” ៕
ដោយ៖ ម៉ៅ បុប្ផាមករា