បរទេស ៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងប្រឈមមុខនឹង “ការឆ្លើយតបដ៏លើសលប់” នៅក្នុងព្រឹត្តិការណ៍ នៃការវាយប្រហារនុយក្លេអ៊ែរ ដោយចេញការព្រមាន បន្ទាប់ពីកូរ៉េខាងជើង បានបញ្ចូលគោលលទ្ធិ នុយក្លេអ៊ែរផ្ទាល់ខ្លួន ទៅជាច្បាប់ថ្មីមួយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីសន្តិសុខមកពីប្រទេសទាំងពីរបានជួបជុំគ្នាសម្រាប់ “ការប្រជុំក្រុមយុទ្ធសាស្ត្រ និងក្រុមពិគ្រោះយោបល់បន្ថែម” នៅថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីវិធី “ពង្រឹងការទប់ស្កាត់ប្រឆាំង នឹងការឈ្លានពាន របស់កូរ៉េខាងជើង និងកាន់តែទូលំទូលាយប្រឆាំង នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង” ដោយប្រើឈ្មោះផ្លូវការរបស់កូរ៉េខាងជើងថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ។ កិច្ចប្រជុំកំពូលភាគច្រើន ផ្តោតលើបញ្ហានុយក្លេអ៊ែរ ដោយភាគីទាំងពីរបានសន្យាសងសឹកភ្លាមៗ ចំពោះការវាយប្រហារ ដោយកូរ៉េខាងជើងនាពេលខាងមុខ។
មន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍រួមមួយថា “សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង បានបញ្ជាក់យ៉ាង ច្បាស់ថា ការវាយប្រហារនុយក្លេអ៊ែរកូរ៉េខាងជើង ណាមួយនឹងត្រូវបានឆ្លើយតបយ៉ាងលើសលប់ ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសារដែលកើនឡើង និងធ្វើឱ្យមានអស្ថិរភាពរបស់កូរ៉េខាងជើង ទាក់ទងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ រួមទាំងការអនុម័តច្បាប់គោលនយោបាយ នុយក្លេអ៊ែរថ្មីរបស់ខ្លួន ។
ជាការឆ្លើយតបទៅនឹងច្បាប់នេះ ទីក្រុងវ៉ាស៊ីនតោនបានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងឥតងាករេ ក្នុងការបង្កើតនូវសមត្ថភាព យោធាពេញលេញរបស់ខ្លួន ដែលរួមមាន “នុយក្លេអ៊ែរ ការការពារមីស៊ីល និង សមត្ថភាពមិនមែននុយក្លេអ៊ែរ កម្រិតខ្ពស់ផ្សេងទៀត” – ដើម្បីការពារកូរ៉េខាងត្បូងដោយបន្ថែម ខ្លួននឹង “បន្តដាក់ពង្រាយ និងអនុវត្តទ្រព្យ សកម្មយុទ្ធសាស្ត្រក្នុងតំបន់”៕
ប្រែសម្រួលៈ ណៃ តុលា