បរទេស ៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយថា យោធាអាល្លឺម៉ង់ គួរតែដើរតួនាំមុខគេ ក្នុងការពង្រឹងសន្តិសុខនៅអឺរ៉ុប។ លោកក៏បានសន្យា ផ្តល់មូលនិធិបន្ថែមទៀត សម្រាប់កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះ ខណៈដែលដាក់ឈ្មោះរុស្ស៊ីថា ជាសត្រូវចម្បង សម្រាប់អនាគតដ៏ខ្លីខាងមុខ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសិទ Bundeswehr នៅទីក្រុងប៊ែកឡាំងកាលពីថ្ងៃសុក្រ លោក Scholz បាននិយាយថា អាទិភាពរបស់រដ្ឋាភិបាលរបស់លោក គឺដើម្បីប្រែក្លាយយោធារបស់ប្រទេសទៅជា “សសរស្តម្ភគ្រឹះ” នៃវិស័យការពារជាតិរបស់អឺរ៉ុប ។ លោកបានលើកឡើង ពីការវាយលុក របស់រុស្ស៊ី ប្រឆាំង នឹង អ៊ុយក្រែន ថា ជាចំណុចរបត់ ដែលជំរុញ ឲ្យ ទីក្រុងប៊ែរឡាំងវាយតម្លៃឡើងវិញ នូវតួនាទីរបស់ខ្លួន នៅក្នុងទ្វីប និង ក្នុងអង្គការណាតូ។
លោក Scholz បាននិយាយថា “អាល្លឺម៉ង់ត្រៀមខ្លួនជាស្រេចដើម្បីទទួលយកការទទួលខុសត្រូវនៅក្នុងមុខតំណែងនាំមុខគេ” ដោយបន្ថែមថា យោធាអាល្លឺម៉ង់គួរតែក្លាយជា “កម្លាំងវាយប្រហារល្អបំផុតនៅអឺរ៉ុប” នៅប៉ុន្មានខែនិងឆ្នាំខាងមុខ។
អធិការបតីអាល្លឺម៉ង់រូបនេះ បានកត់សម្គាល់ថា Bundeswehr (កងកម្លាំងអាល្លឺម៉ង់) កំពុងដើរតួយ៉ាងសំខាន់ ក្នុងការផ្តល់សន្តិសុខ នៅលើផ្នែកខាងកើតរបស់ណាតូ ។ លោកបាននិយាយថា “កិច្ចការ Herculean” មួយទៀតកំពុងរង់ចាំទីក្រុងប៊ែរឡាំងនៅឆ្នាំក្រោយ នៅពេលដែលប្រទេសនេះ ដឹកនាំកងកម្លាំងពិសេសការត្រៀមខ្លួន ខ្ពស់របស់សម្ព័ន្ធភាពយោធា៕
ប្រែសម្រួលៈ ណៃ តុលា