ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ថា អាជ្ញាធរវៀតណាម បានចាប់ខ្លួនម្ចាស់ហាងខារ៉ាអូខេ១កន្លែងដែលអគ្គិភ័យបានសម្លាប់មនុស្សអស់ចំនួន៣២នាក់កាលពីដើមខែនេះ ប៉ូលិសបានឲ្យដឹងនៅថ្ងៃសៅរ៍នេះ ។
គួររំលឹកថា អគ្គិភ័យបានឆាបឆេះកន្លែងកម្សាន្ត៣ជាន់នៅខាងជើងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហូជីមិញកាលពី៩ថ្ងៃមុន។
ប៉ូលិសបានឲ្យដឹងថា មនុស្សចំនួន១៧នាក់បានរងរបួស ដោយជាច្រើននាក់បានរងរបួសបាក់ឆ្អឹង បន្ទាប់ពីអណ្តាតភ្លើងបានបង្ខំឱ្យពួកគេលោតពីលើដំបូលអគារ ។
ប៉ូលីសខេត្ត Binh Duong នៅថ្ងៃសៅរ៍នេះបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ម្ចាស់រង្គសាលឈ្មោះ Le Anh Xuan អាយុ៤២ឆ្នាំត្រូវបានចាប់ខ្លួន១ថ្ងៃមុននឹងប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌទាក់ទងនឹងការបំពានច្បាប់ការពារអគ្គីភ័យ ។
លោកនឹងត្រូវឃុំខ្លួនក្នុងមន្ទីរឃុំឃាំងរយៈពេល៤ខែ ខណៈការស៊ើបអង្កេតបន្តនិតិវិធី ។
ខណៈដែលអ្នករបួស១៥នាក់ត្រូវបានឲ្យចេញពីមន្ទីរពេទ្យវិញហើយ ២នាក់ដែលរបួសធ្ងន់ជាងគេកំពុងទទួលការព្យាបាល នៅឡើយទេ ។
សាកសពមនុស្សចំនួន៣២នាក់ដែលបានបាត់បង់ជីវិតត្រូវបានប្រគល់ឱ្យក្រុមគ្រួសាររបស់ពួកគេវិញហើយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា