តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ថា ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន បានព្រមាននៅថ្ងៃសៅរ៍នេះ អំពីហានិភ័យ “ដែលមិនធ្លាប់មានពីមុនមក” ពីព្យុះទីហ្វុង បង្កជា “គ្រោះថ្នាក់ខ្លាំង” ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់កោះ Kyushu ភាគខាងត្បូង ដោយជំរុញឱ្យអ្នកស្រុកត្រូវជ្រកនៅទីសុវត្ថិភាពនៅមុនពេលព្យុះមកដល់ ។
ព្យុះទីហ្វុង Nanmadol កំពុងតែបក់បោកក្នុងល្បឿនរហូតដល់២៧០គីឡូម៉ែត្រក្នុង១ម៉ោង ហើយត្រូវបានចាត់ថ្នាក់ជាព្យុះ “ខ្លាំងក្លាបំផុត” ដែលជាកម្រិតកំពូលរបស់ទីភ្នាក់ងារនេះបានប្រកាសឲ្យដឹង ។
នៅពេលរសៀល ព្យុះនេះបានធ្វើដំណើរទៅដល់កោះ Minami Daito ដែលជាកោះដាច់ស្រយាល ចម្ងាយ៤០០គីឡូម៉ែត្រខាងកើតកោះ Okinawa ។
ព្យុះនេះត្រូវបានគេរំពឹងថា នឹងខិតជិត ឬបោកបក់នៅថ្ងៃអាទិត្យនៅក្នុងខេត្ត Kagoshima ភាគខាងត្បូងនៃកោះ Kyushu បន្ទាប់មកផ្លាស់ទីទៅភាគខាងជើងនៅថ្ងៃបន្ទាប់ នៅមុនពេលធ្វើដំណើរឆ្ពោះទៅកាន់កោះសំខាន់របស់ប្រទេសជប៉ុន ។
លោក Ryuta Kurora ប្រធានអង្គភាពព្យាករណ៍របស់ទីភ្នាក់ងារឧតុនិយមជប៉ុន បានប្រាប់ដល់អ្នកយកព័ត៌មានថា “មានហានិភ័យនៃព្យុះដែលមិនធ្លាប់មានពីមុនមក រលកខ្ពស់ រលកព្យុះ និងភ្លៀងធ្លាក់ខ្លាំង” ។
លោកបានថ្លែងថា “តម្រូវឱ្យមានការប្រុងប្រយ័ត្នជាអតិបរមា” ដោយជំរុញឱ្យអ្នកស្រុកជម្លៀសចេញឱ្យបានឆាប់ ។
“វាជាព្យុះទីហ្វុងដ៏គ្រោះថ្នាក់” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា